ពលរដ្ឋខ្មែររស់នៅប៉ែកអឺរ៉ុប ​ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

233

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋខ្មែរ ​ដែលកំពុងរស់នៅប្រទេសបារាំង ​អាល្លឺម៉ង់ ​និងប្រទេសប៊ែលហ្ស៊ិក បាន​ចេញ​សេចក្តី ថ្លែងការណ៍ដាច់​ដោយឡែកពីគ្នា ដោយបាន​​ថ្កោលទោសយ៉ាងដាច់​អហង្ការ​ចំពោះ​ជនក្បត់ជាតិ ​សម រង្ស៊ី ​ដែលបានប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ ដល់​អង្គព្រះមហាក្សត្រ ​នាពេលកន្លងទៅថ្មីៗ​​នេះ ​ដោយចោទព្រះអង្គថា ​ជា អាយ៉ង ​និងចំណាប់ខ្មាំង​របស់​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋ​​មន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជានោះ។

យោងតាមសេចក្តីថ្លែងការណ៍​ ដែលទូរទស្សន៍ BTV ទទួលបាន​ នៅព្រឹកថ្ងៃទី២០ ​ខែកញ្ញា ​នេះ បាន បញ្ជាក់ថា ​ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ​កាលពីកន្លងទៅ​ តាមរយៈកិច្ចសម្ភាសន៍​ជាមួយវិទ្យុ អាស៊ីសេរី ​គឺជាការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ បំផុត​ ដល់ព្រះចេស្តារអង្គព្រះមហាក្សត្រខ្មែរ ហើយ​ប្រជា​​ពលរដ្ឋទាំងនោះ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ​និងតុលាការគ្រប់​ជាន់ថ្នាក់ មេត្តា​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់ចំពោះ​ ជនក្បត់ជាតិ ​សម រង្ស៊ី ​ជាបន្ទាន់ផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ដដែល ប្រជាពលរដ្ឋរស់នៅតំបន់អឺរ៉ុប​ បានស្នើឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​ ពាក់ព័ន្ធ ​និងតុលាការគ្រប់ជាន់ថ្នាក់ ​ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ​និង​តឹងរឹង​បំផុត ចំពោះទង្វើ រំ​លោភបំពានយ៉ាងធ្ងន់ធ្ងរ​លើ​ព្រះមហាក្សត្រ ដែលកំពុង​គង់​ប្រថាប់​​បំពេញ​​ព្រះរាជ​តួនាទី​​ដ៏​ឧត្តុង្គ​ឧត្តម ​និង ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រខ្មែរ ​ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ​ស្ថិរភាព និង​ការអភិវឌ្ឍប្រក​ប ដោយភាពរីកចម្រើន ដូចសព្វថ្ងៃ។

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា នេះ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ច​សម្ភាសន៍​ជាមួយវិទ្យុ​ អាស៊ីសេរី បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ លើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ​ដោយបាន​ចោទ​ព្រះមហាក្សត្រថាជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់សម្តេចតេជោ ហ៊ុន សែន​ និង​ចង់រក្សា​តែ​រាជបល្ល័ង។

ក្រោយការប្រមាថ​របស់ទណ្ឌិត ​សម រង្ស៊ី ភ្លាមៗ ក្រសួងព្រះបរមរាជវាំង ​និងក្រសួងស្ថាប័នផ្សេងៗ ទៀត បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កា ​ចំពោះទណ្ឌិត ​សម រង្ស៉ី ​នេះផងដែរ ហើយជា មួយគ្នានោះ ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការអមសាលាដំបូង​រាជ​ធានី​ភ្នំពេញ ចាត់​ ការតាមផ្លូវច្បាប់ជាបន្ទាន់ ​និង​តឹង រឹង​បំផុតចំពោះទង្វើទណ្ឌិត ​សម រង្ស៉ី។

យោងតាមរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិន អាច​នរណារំលោភ​បំពានបានឡើយ»។ ​មាត្រា៨ បាន​ចែងថា «ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជានិមិត្តរូប នៃ ឯកភាពជាតិ ​និងនិរន្តរភាពជាតិ។ ​ព្រះមហាក្សត្រ ​ទ្រង់​ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ ​និងបូរណភាព ទឹកដី ​នៃព្រះរាជាណាចក្រកម្ពុជា ​ទ្រង់​ជាអ្នកធានាការគោរពសិទ្ធិ និង​សេរីភាពរបស់ប្រជាពលរដ្ឋ ​និង ការគោរពសន្ធិសញ្ញាអន្តរជាតិជាដើម៕