មនុស្ស​ ២៤​នាក់​ស្លាប់ និង​ ៤៥០​នាក់​របួស​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​ ៥.៨​វ៉ិចទ័រ​នៅ​​ប៉ា​គី​ស្ថាន

632

ប៉ា​គី​ស្ថាន៖ ក្រុម​មន្ត្រី​ក្នុងស្រុកបាន​អះ​អាង​ថា ការ​រញ្ជួយ​ដី​កម្រិត ​៥.៨​​វ៉ិចទ័រ​បាន​អង្រួន​តំបន់​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ ២៤​នាក់ និង​ ៤៥០​នាក់​ផ្សេង​ទៀត​រង​របួស​។ កំណុំ​កណ្ដាល​នៃ​ការ​រញ្ជួយ​ដី​ស្ថិតនៅ​ជិត​ទី​ក្រុង​មៀ​ពួ ក្នុង​តំបន់​កា​ស្មៀគ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​។​

រូបភាព​ដែល​បាន​បង្ហោះ​តាម​ព័ត៌មាន​សង្គម ឃើញ​ស្នាម​ប្រេះ​ដ៏​ធំ​នៅ​លើ​ផ្លូវ និង​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​ដែល​រង​ការខូចខាត​។​ ទោះ​បី​ជា​យ៉ាងណាក៏ដោយ ទំហំ​នៃ​ការខូចខាតមិន​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​នោះ​ទេ​។ លោក​ មហា​ម៉ា​ដ រី​យ៉ា​ស់ ​មន្ត្រី​ឧតុនិយម​ប៉ា​គី​ស្ថាន​បាន​និយាយ​ប្រាប់ AFP​ ថា ការ​រញ្ជួយ​ដី​នេះស្ថិត​នៅ​ក្នុង​ជម្រៅ​ដី ​១០​គីឡូ​ម៉ែត្រ​ ហើយ​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត ស្ថិត​នៅ​ក្នុង​ទីក្រុង​មៀ​ពួ​តែ​ម្តង​។ ចំណែក​ឯ​កុមារ​ស្ថិតនៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​។​ គួរ​ឲ្យ​ដឹង​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​បាត់​បង់ជីវិត នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​ នៅ​ក្នុង​តំបន់​នេះ​កាលពី​ឆ្នាំ​២០០៥៕

អត្ថបទ៖ សារ៉ាត់