អភិបាលរាជធានីកោតសរសើរពីវិរៈភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ ចំពោះការការពារបូរណៈភាពទឹកដី និងសន្តិភាព

124

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះវិរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខគ្រប់ប្រភេទ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជាតិ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធអាគារសាលប្រជុំរបស់កងពលតូចអន្តរាគមន៍លេខ៩ ចំណុះឱ្យកងពលធំលេខអន្តរាគមន៍៣ និងជួបសំណេះសំណាលជាមួយកងទ័ពមកពីបណ្ដាអង្គភាពជាច្រើនទៀត កំពុងឈរជើងនៅតំបន់មុំ៣ ដែលជាព្រំដែនរវាងប្រទេសកម្ពុជា ថៃ និងឡាវ នាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះវិរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខគ្រប់ប្រភេទ បន្ទាប់ពីបានស្ដាប់លោកឧត្តមសេនីយ៍ទោ ឌួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ឡើងរាយការណ៍ពីស្ថានភាពទូទៅ។

លោកឧត្តមសេនីយ៍ទោ ឌួង ច័ន្ទ បានលើកឡើងថា កងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាពផ្សេងៗទៀត បានបន្តទទួលបានការឧបត្ថមគាំទ្រទាំងស្មារតី និងសំភារះគ្រឿងចក្រ ថវិកា ស្បៀងអាហារជាច្រើន ពីសមរភូមិក្រោយ ដែលនេះជាជំនួយនៃសម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៩ និងរដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានកងពលប្រើប្រាស់ថែរក្សាការពារបានយ៉ាងល្អ និងចំគោលដៅបំរើផលប្រយោជន៍អង្គភាពប្រកបដោយតម្លាភាព ធ្វើឱ្យម្ចាស់ជំនួយមានមោទនៈភាព និងរីករាយបន្តសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពជាបន្តបន្ទាប់រហូតមក។

មេបញ្ជាការ ឌួង ច័ន្ទ បានបន្ថែមថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងដាច់ខាតការពារបូរណៈភាពទឹកដី ការពារសន្តិភាព សេចក្តីសុខសាន្ត ការអភិវឌ្ឍ ការពាររដ្ឋធម្មនុញ្ញ ការពារអង្គព្រះមហាក្សត្រ ការពាររាជរដ្ឋភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយមិនអនុញ្ញាតិឱ្យក្រុមឧទ្ទាមក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី មកបំផ្លាញបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកសរសើរពីវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពនៅជួរមុខ ដែលបានលះបង់សព្វបែបយ៉ាងរហូតដល់អាយុជីវិត ដើម្បីការពារបូរណៈភាពទឹកដី សន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកកងទ័ព អំពីកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍន កម្ពុជាមិនត្រូវការចចារសន្តិភាពជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ក្រុមឧទ្ទាមក្រៅច្បាប់មានតែទទួលទោសតាមច្បាប់ប៉ុណ្ណោះ៕