សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​ប្ដេជ្ញា​រួមគ្នា​ការពារ​​ព្រះមហាក្សត្រ រាជ​រដ្ឋាភិបាល និង​សន្តិភាព​

321

ស្ទឹងត្រែង៖ សម្ព័ន្ធ​មេត្រីភាព​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​បាន​ធ្វើ​ឱ្យ​កម្លាំង​ទាំង​២​ នេះ​វិញ​គ្នា​ជា​ធ្លុង​មួយ​កាន់​តែ​ខ្លាំង ទាំង​កម្លាំង​សាមគ្គីភាព ការ​កសាង​អង្គភាព និង​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី ជាមួយ​គ្នា​នេះ​សមរ​ភូមិ​​ទាំង២ ​បាន​ប្រកាស​ប្ដេជ្ញា​រួមគ្នា​ការពារ​រាជបល្ល័ង្កព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​សន្តិភាព​តទៅ​មុខ​បន្ត​ទៀត​។

​​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​សមរភូមិ​ក្រោយ ដឹកនាំ​ដោយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី មន្ទីរ​ជំនាញព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​សម្ពោធ​អាគារ​ប្រជុំ​របស់​កងទ័ព​នៃ​សមរភូមិ​មុខ ដែល​កំពុង​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន ក្នុង​ស្មារតី​រួមគ្នា​ជា​កម្លាំង​សាមគ្គី​ការពារ​ជាតិ​មួយ​ដ៏​ប្រសើរ​ រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​។​ ​ក្នុង​ពិធី​សម្ពោធ​អគារ​សាល​ប្រជុំ​ របស់​កងពល​តូច​អន្តរាគមន៍​លេខ​៩ ចំណុះ​ឱ្យ​កងពលធំ​លេខ​អន្តរាគមន៍​៣ និង​ជួប​សំណេះ​សំណាល​ជាមួយ​កងទ័ព​ មកពី​បណ្ដា​អង្គភាព​ជាច្រើន​ទៀតកំពុង​ឈរជើង​នៅ​តំបន់​មុំ​៣ ដែល​ជា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ នា​ស្រុក​ជាំ​ក្សាន្តខេត្ត​ព្រះវិហារ ​និង​ឱកាស​សម្ពោធ​អគារ​សាល​ប្រជុំ​ចិត្តសាស្ត្រ​ នៅ​បញ្ជា​ការដ្ឋាន​កងពលតូច​អន្តរាគមន៍​លេខ​១២៨ នៃ​យោធភូមិភាគ​ទី​១ នៅ​ខេត្ត​ស្ទឹងត្រែង លោក​ឧត្ដមសេនីយ៍​ទោ ឌួង ច័ន្ទ មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មៀ​ច សាមុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ បាន​លើក​ឡើង​ដូចគ្នា​ថា កងពលតូច និង​បណ្ដា​អង្គភាព​ផ្សេងៗ​ទៀត បាន​បន្ត​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​គ្រឿងចក្រ ថវិកា ស្បៀង​អាហារ​ជាច្រើនពី​សមរភូមិ​ក្រោយ ដែល​នេះ​ជា​ជំនួយ​នៃ​សម្ព័ន្ធ​មេត្រីភាព​រវាង​សមរភូមិ​ជួរមុខ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែក​សមរភូមិ​ក្រោយ ពិសេស​ការ​យក​ចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវ​បាន​កងពល​ប្រើប្រាស់​ថែរក្សា​ការពារ​បាន​យ៉ាង​ល្អ និង​ចំ​គោលដៅ​បំរើ​ផលប្រយោជន៍​អង្គភាព​ប្រកបដោយ​តម្លាភាព ធ្វើ​ឱ្យ​ម្ចាស់​ជំនួយ​មាន​មោទនភាព និង​រីករាយ​បន្ត​សម្ព័ន្ធ​មេត្រីភាព​ ជាមួយ​អង្គ​ភាពជា​បន្តបន្ទាប់​រហូត​មក​។

មេបញ្ជាការ ឌួង ច័ន្ទ និង​មេបញ្ជាការ​មៀ​ច សាមុត បាន​បន្ថែម​ថា នាយទាហាន នាយទាហានរង និង​ពល​ទា​ហាន​ទាំងអស់​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ដាច់ខាត​ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិភាព សេចក្ដី​សុខ​សាន្ត ការ​អភិវឌ្ឍ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​អង្គ​ព្រះមហាក្សត្រ ការពារ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ដែល​កើត​ចេញពី​ការបោះឆ្នោត ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ឧទ្ទាម​ក្បត់ជាតិ ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី មក​បំផ្លាញ​បានជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​សរសើរ​ ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​នៅ​ជួរមុខ ដែល​បាន​លះបង់​សព្វបែបយ៉ាង​រហូតដល់​អាយុជីវិត ដើម្បី​ការពារ​បូរណភាព​ទឹកដី សន្តិភាព ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ​។ ជាមួយគ្នា​នោះ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ក្រើនរំលឹក​កងទ័ពអំពី​កាតព្វកិច្ច​ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ខណៈ​ដែល​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ កម្ពុជា​មិន​ត្រូវ​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះ​ទេ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មានតែ​មក​ទទួលទោស​តាមច្បាប់​ប៉ុណ្ណោះ​៕

អត្ថបទ​៖ ប្រាក់ វ៉ាន់ដា