តម្រូវការ​ខុនដូរ​របស់​ប្រជាជន​ខ្មែរ នឹង​មាន​ច្រើន​ក្នុង​រយៈពេល​យ៉ាងយូរ​១០​ឆ្នាំ​ខាងមុខ​

167

ភ្នំពេញ៖ អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ បាន​អះអាង​ថា តម្រូវការ​ក្នុង​វិស័យ​ខុន​ដូរ ជាពិសេស​នៅ​ក្រុងភ្នំពេញ នឹង​កាន់តែ​ពេញ​និយម​ខ្លាំង​ក្នុង​រយៈពេល ៥ ទៅ​១០​ឆ្នាំ​ខាងមុខ ខណៈ​ការសាងសង់​លំនៅឋាន​បុរី នឹង​ខិត​ទៅ​កាន់តែ​ឆ្ងាយ​ពី​ទីក្រុង​។​

ក្នុង​ឱកាស​ចូលរួម​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ ណាហ្គា វើ​ល លោក​ឧកញ៉ា សៀ ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន វើ​ល​ប្រ៊ិ​ចដ៍ គ្រុប បាន​មានប្រសាសន៍ថា ដោយសារ​ការសាងសង់​បុរី នឹង​ហៀរ​ទៅ​កាន់តែ​ឆ្ងាយ​ពី​ទីក្រុង នោះ​វិស័យ​ខុន​ដូរ​នឹងមាន​ការរីកចម្រើន​។

ជាក់​ស្តែង ពេលដែល​ផ្ទះ​សង់​នៅ​ជាន់​ផ្ទាល់​ដី ដូចជា​បុរី ហើយ​កាន់តែ​ងាក​ទៅ​ឆ្ងាយ​ក្រុង នោះ​ក្មេងៗ​ជំនាន់​ក្រោយ អាច​ពេញ​និយម​រស់នៅ​តាម​ខុន​ដូ ព្រោះ​ចំណេញ​ច្រើន​ទាំង​ពេលវេលា និង​បន្ថយថ្លៃ​ចំណាយ​ចាក់​សាំង​។​

​​យោងតាម​សៀវភៅ ស្តីពី​ភ្នំពេញ​ឆ្នាំ​២០៣០ បាន​បង្ហាញថា ការ​ព្យាករ​ចំនួន​១០ សម្រាប់​វិស័យ​អចលនវត្ថុ​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០៣០ ការផ្គត់ផ្គង់​លំនៅឋាន​មាន​ចំនួន​៤,៥ សែន​ខ្នង ខណៈ​ការផ្គត់ផ្គង់​ខុន​ដូ​រជាង ៣​សែន​យូ​នី​ត​(​បន្ទប់​) នៅ​ទីក្រុង​ភ្នំពេញ​។

ដោយឡែក គិត​ចាប់ពី​ឆ្នាំ​២០០០ មកទល់​បច្ចុប្បន្ននេះ លំនៅឋាន​ក្នុង​បុរី​មាន​ជាង ១៥​ម៉ឺន​ខ្នង ដែល​បាន​សាងសង់​រួចរាល់ និង​ជាង​១៥%​ទៀត កំពុង​បន្ត​ការសាងសង់​។

ពាក់ព័ន្ធ​នឹង ពិ​ព័រ​ណ៌​អចលនទ្រព្យ​ឆ្នាំ​២០១៩ រៀបចំឡើង​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ រៀល​ស្តេត (Realestate.com.kh) ដែលមាន​រយៈពេល​ចំនួន​០២​ថ្ងៃ គឺ​ថ្ងៃទី​៤ និង​ទី​៥ ខែតុលា​នេះ ដោយមាន​ស្តង់​តាំង​បង្ហាញ​ប្រមាណ​ជាង​៧០ ក្នុងនោះ​មើលឃើញថា ក្រុមហ៊ុន និង​គម្រោង​ជាច្រើន​ដែល​ចូលរួម​តាំង​បង្ហាញ​ភាគច្រើន​ជា​ប្រភេទ​ខុន​ដូ ដែលមាន​ទីតាំង​លក់​ផ្សេងៗ​គ្នា ដូចជា​នៅ​ក្រុងភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​៕​