ឯកឧត្ដម ហ៊ុន ម៉ា​នី៖ ​​ការ​បណ្ដុះ​បណ្ដាល​ធនធាន​ឲ្យ​មាន​សមត្ថភាព​គឺ​លោកគ្រូអ្នកគ្រូ​នេះហើយ

301

កំពង់ស្ពឺ៖ ការ​ថ្លែង​របស់​ឯកឧត្ដម ហ៊ុន ម៉ា​នី អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យ៉ាង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និង​អបអរសាទរចំពោះ​សិស្សានុសិស្សដែល​ទទួល​បាន​និទ្ទេស A និង ​B ទាំង ២៣​នៅ​វិទ្យាល័យ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី​៥ តុលា​ម្សិលមិញ​។

ឯកឧត្ដម ហ៊ុន ម៉ា​នី បន្ត​ទៀត​ថា សក្ដានុពល​ធំ​ជាង​គេ​របស់​ប្រទេសជាតិ មិនមែន​រឿង​សេដ្ឋកិច្ច មិនមែន​រឿង​ធនធានធម្មជាតិ​នោះ​ទេ កត្តា​ដែល​កំណត់​ធំ​ជាង​គេគឺ​កត្តា​ធនធានមនុស្ស​។ ជាពិសេស​ប្អូន​ៗដែល​ទទួល​បាន​លទ្ធផល​ជោគជ័យ​នេះ សូម​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្តក្នុង​ការ​សិក្សា​ជ្រើសរើស​មុខវិជ្ជា​ដែល​ប្អូន​ៗ​ចង់បាន ស្រលាញ់ ហើយ​ខំ​ប្រឹង​ប្រែងធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ព្រោះថា ​សញ្ញាបត្រ​ជា​មូលដ្ឋាន​ចំណេះ​ទ្រឹស្ដី​។ ក៏ប៉ុន្តែ​នៅ​ពេល​យក​ជីវិត​ប្រឡូក​នឹង​វិស័យ​ការងារ​មែនទែន​នោះ ការប្រើប្រាស់​អ្វី​ដែល​ជា​ចំណេះ​ដឹងនៃ​សិល្បៈ គឺជា​ការកំណត់មិនមែន​ទ្រឹស្ដី​នោះ​ទេ​។ ដូច្នេះ​សូម​ឲ្យ​ប្អូន​ៗ​សិស្សានុសិស្សទាំងអស់ ខិតខំ​ប្រឹង​ប្រែង​មួយ​ជំ​ហ៊ាន ធ្វើ​យ៉ាង​ណា​សិក្សា​ឲ្យ​ទទួល​បាន​សញ្ញាបត្រ តែ​នៅ​ក្នុង​ពេល​តែមួយ​ត្រូវ​អប់រំ​ខ្លួនឯង ឲ្យ​ចេះ​ប្រើប្រាស់​ទ្រឹស្តី​ទាំងនេះទៅ​ក្នុង​គោលដៅ​នៃ​ការសម្រេច​។

ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​ថា ទ្រឹស្ដី​គឺជា​កត្តា​មួយ​ដែល​មិន​អាច​អត់​បាន ប៉ុន្តែ​បើ​អត់​ចេះ​ប្រើប្រាស់​ទ្រឹស្ដី ដើម្បី​បំពេញ ភារកិច្ច ក៏​វា​មានការ​លំបាក​ណាស់​ដែរ និង​សូម​ចូលរួម​អបអរសាទរ​ទិវា​នៃ​គ្រូ បង្រៀន​។ តួនាទី​របស់​លោក​គ្រូ អ្នកគ្រូ ក្នុង​ការ​បណ្ដុះបណ្ដាល​ត​ម្រ​ង់​ទិស​ធនធានមនុស្ស ពិតជា​មិន​អាច​កាត់ថ្លៃ​បាន និង​មាន​អ្វី​តបស្នង​បាន​នោះ​ទេ និង​អរគុណ​ដល់​អាជ្ញាធរ​ខេត្ត​ដែល​បាន​ជួយ​សម្រប​សម្រួលការ​ស្នា​ក់​នៅ​ជូន​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ឡើង​មក​ប្រឡង​បាក់​ឌុប កាលពី​កន្លង​ទៅ​នេះ​។ សព្វថ្ងៃ​ក្រុមការងារ​កំពុង​សិក្សា​គម្រោង​ថ្មី​បន្ថែម​ទៀត ដោយសារ​ឧស្សាហកម្ម​ជំហាន​ទី​៤ បាន​មក​ដល់ ទោះ​បី​ថា​យើង​ពេញចិត្ត ឬ​មិន​មិន​ពេញចិត្ត គឺ​កំពុង​សិក្សា​ស៊ីជម្រៅ​មួយ ដោយ​បង្កើត​មជ្ឈមណ្ឌល ដើម្បី​ឲ្យ​ក្លាយ​ជា​មូលដ្ឋាន សម្រាប់​ផ្តល់​ជូន​សិស្ស​ដែល​ចង់​ទៅ​សិក្សា​នៅ​ទីនោះ អាច​យល់​ច្បាស់​បន្ថែម ថា​តើ​អ្វី​ទៅ​ដែល​ជា​បដិវត្ត​ឧស្សាហកម្ម​ជំហាន​ទី​៤ សព្វ​ថ្ងៃ​នេះ​យើង​មាន​គ្រូឧទ្ទេស​ដែល​ជា​ក្រុមការងារ បាន​ធ្វើ​បទ​បង្ហាញ​ជាច្រើន​ពាក់ព័ន្ធ​ថា​តើ​អ្វី​ទៅជា​បដិវត្ត​ឧស្សាហកម្ម​ជំហាន​ទី​៤​នេះ​។

ទន្ទឹមគ្នា​នោះ​ដែរ​សិស្ស​ជាប់​និទ្ទេស A និង​B ឆ្នាំ​សិក្សា​២០១៨២០១៩ ចំនួន ​០២​រូប គឺ​កញ្ញា ប៉ុក ច័ន្ទ​ប៉ូ​លីន​ដា និង​លោក ហៃ ស៊ុនហួត បាន​បង្ហាញ​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា​ថា ថ្ងៃនេះ​ពួកគាត់​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំង លទ្ធផល​ទាំង​អស់​នេះ គឺ​ពិតជា​មិន​អាច​កាត់​ផ្តាច់​បាន​ពី​គុណ​បំណាច់​ដ៏​ធំធេង​របស់​ឯកឧត្ដម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ និង​អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់​ថ្នាក់ ដែល​ជា​និច្ចកាល​បាន​ជួយឧបត្ថម្ភ​គាំទ្រ មក​លើ​វិស័យ​អប់រំ ដូចជា​ការ​បំប៉ន​សមត្ថភាព​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ខេត្ត​ទាំង​២៣​វិទ្យាល័យ​ផង​ដែរ​។ លោក ថន សារិន ប្រធាន​មនី្ទរ​អប់រំ យុវជន និង​កីឡា​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ សីហា ២០១៩​ថ្មីៗ​នេះ មាន​បេក្ខជន​មក​ប្រឡង​ចំនួន ​៤,៣០៥នាក់ ស្រី​ ២,២៣៣​នាក់ ជា​លទ្ធផល​បេក្ខជន​ប្រឡង​ជាប់មាន​ចំនួន​ ៣,១៩៨ នាក់ ស្មើនឹង​ ៧៤.២៩% ស្រី​ចំនួន ៧៩.% ក្នុង​នោះ​មាន​និទ្ទេស A ចំនួន​៦​នាក់​, និទ្ទេស B ចំនួន​៥៣​នាក់​, និទ្ទេស C ចំនួន​១៨៨​នាក់​, និទ្ទេស D ចំនួន​៥៥៨​នាក់​, និទ្ទេស E ចំនួន ២,៣៩៣នាក់​។ នៅ​ឆ្នាំ​២០១៩​នេះ មាន​លោកគ្រូ អ្នកគ្រូ​បង្រៀន​ស្ម័គ្រចិត្ត ដែល​បាន​បង្រៀន​ក្នុង​កម្មវិធី​បំប៉ន​ថ្នាក់​ទី​១២ ទាំង​២៣​វិទ្យាល័យ មាន​ចំនួន​១៦០​នាក់ លើ​មុខវិជ្ជា​សំខាន់ៗ​ចំនួន​៥ គឺ​មុខវិជ្ជា​ភាសា​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ដែល​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្ដម អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ការចូលរួម​សម្របសម្រួល​យ៉ាង​សស្រាក់សស្រាំ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់​ខេត្ត ក្រុង ស្រុក​ផង​ដែរ​៕