នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ៖ វិមានឈ្នះ ឈ្នះ តំណាងឲ្យសន្តិភាព និង​សុខដុមបនីយកម្ម ​សាសនា

152

ភ្នំពេញ ៖ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការ​​បរទេស ក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ បាន​​ថ្លែង​ថា ការសាងសង់ នូវវិមានឈ្នះ ឈ្នះ ​គឺដើម្បី​រម្លឹក​អំពី​សារៈសំខាន់ ​នៃសន្តិភាព​ សមិទ្ធផល និង​ដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ ការ​បង្រួប​បង្រួមជាតិ និង​បង្ហាញ​ពី​សុខដុមបនីយកម្ម សាសនា​ ហើយក្រោយសម្ពោធជាផ្លូវការវិមាននេះ​​បាន​ក្លាយ​​ទីជា​រមណីយដ្ឋាន ដ៏ប្រវត្តិសាស្រ្តសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ

ថ្លែងនៅក្នុងកម្មវិធីអញ្ជើញជាវាលក្មិនកិត្តិយស ធ្វើបឋកថា ចែករំលែកចំណេះដឹង និង​បទពិសោធន៍​លើប្រធានបទស្ដីពីវិមានឈ្នះឈ្នះ ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ​នគរបាលជាតិ មន្ត្រី​​នគរបាល និស្សិត និងសិក្ខាកាម បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា សំណង់វិមានឈ្នះឈ្នះ បាន​ចាប់​ផ្តើម​សាងសង់ឡើង កាល​ពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើង រាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃ​សុខសន្តិភាព​ដែលកម្ពុជា ទទួល​បាន​ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល​ដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក ​ហើយវិមាននេះក្លាយ​​ជា​​កេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀតថា បច្ចុប្បន្នភាព វិមានឈ្នះ ឈ្នះ នេះមាន​​ប្រតិភូទាំងក្នុង និងក្រៅប្រទេស សាធារណជនជាតិ និងអន្តរជាតិនានា ចូលទស្សនា និង​​សិក្សាស្រាវជ្រាវចំនួនប្រហែល២​លាននាក់ ក្នុងនោះ អត្រាប្រជាជនចូលទស្សនាគិតជាមធ្យម​ក្នុង​​មួយថ្ងៃ៥០០នាក់ ទៅ១៥០០នាក់។ ដោយឡែក នៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានា ចំនួន​ចូលទស្សនាកើនឡើង គួរឱ្យកត់សម្គាល់ ពី១០០០នាក់ ទៅ៣០០០នាក់ក្នុងមួយថ្ងៃ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ដល់មន្រ្តីនគរបាលទាំងនោះទៀតថា ការ​ស្ថាបនាវិមាន ឈ្នះ ឈ្នះនេះ មានគោលដៅសំខាន់ចំនួន៥ដូចជាទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការ​បង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យ​កាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទេសក៍ដឹកនាំ និង​​ប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយ​គ្មាន​ការ​បង្ហូរឈាម​ ដែលនាំ​មកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។

ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យ​បន្តការ​សិក្សា និង​ទទួលការយល់ដឹង ​ពី​ប្រវត្តិសាស្ត្រពិត​របស់​ប្រទេស​កម្ពុជា និងបន្ត​អនុវត្តន៍​គោល​នយោបាយឈ្នះ ឈ្នះរបស់តេជោសែន ​និងគុណតម្លៃក្នុងការធ្វើ​សមាហរណកម្ម ក្នុង​ដំណើរ​ការ​កសាង​ដឹកនាំ​ និង​អភិវឌ្ឍន៍​ប្រទេស​នាពេលអនាគត។

ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាម​រចនា​បទសិល្បៈ និមិត្តរូប និមិត្ត​សញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បាន​ឈ្វេង​យល់។ និងទី៥៖ បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ​ដែលមាន​លក្ខណៈជា​ទេសចរណ៍​ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជា​ គោដៅ​ សម្រាប់​​ទស្សនកិច្ច​​សិក្សា​​ស្រាវជ្រាវ​​នានា​ជា​ដើម