សម្ដេច​តេ​ជោ មាន​សុទិដ្ឋិនិយម​ថា វិនិយោគិន​ចិន​នឹង​មិន​ដកថយ​ពី​កម្ពុជា​ទេ​ ទោះ​មាន​បញ្ហា​EBA​ក្ដី​

120

ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​សំដែង​នូវ​ក្តី​សង្ឃឹមថា ​បើទោះបី​ជាមាន ការដក EBA ពី​កម្ពុជា ​ឬ​យ៉ាងណាក្តី ​ប៉ុន្តែ​វិនិយោគិន​ចិន ដែល​កំពុង​ធ្វើការ​បណ្ដាក់ទុន នៅក្នុង​ប្រទេស​កម្ពុជា​ នឹងមិន​ ដកថយ​ទៅវិញ​នោះទេ​។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​សុទិដ្ឋិនិយម ​ខណៈ​សម្តេច​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​សហគ្រិន​ចិន ត្រកូល ហ៊ុន ដឹកនាំ​ដោយ​លោក បណ្ឌិត ហ៊ុន ខឺ​ជូ ចូលជួប​សំដែង​ការគួរ​សម​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៨ ​ខែតុលា នេះ​។ ​គណៈប្រតិភូ​មកពី​ប្រទេស​ចិន ដែលមាន​ត្រកូល​ហ៊ុន​ទាំង​ចំនួន​ជាង​៤០​នាក់ មកពី​ខេត្ត​ផ្សេងៗ និង​ទី ក្រុង​ប៉េកាំង ប្រទេស​ចិន ដែលជា​អ្នក​វិនិយោគ​សំខាន់ៗ​នោះ សម្តេច បាន​ប្រាប់​ទៅ​ប្រតិភូ ដូចដែល​សម្តេច​ធ្លាប់​បានស្នើ​ដល់​ប្រធានាធិបតី​ចិន​រួចមកហើយ បើទោះបី​ជាមាន​ការដក EBA​ពី​កម្ពុជា ឬ​យ៉ាងណាក្តី ​ប៉ុន្តែ​សម្តេច បានស្នើ​សុំឱ្យ​អ្នកវិនិយោគទុន​ចិន នៅតែ​បន្ត​ការរកស៊ី​នៅក្នុង​ប្រទេស​ក​ម្ពុជា ​ និង​សុំឱ្យ​ចិន​បើក​ទីផ្សារ ឱ្យ​កាន់តែ​ធំ ​សម្រាប់​ការនាំ​ ផលិតផល​ពី​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

ឯកឧត្តម កៅ គឹមហួន បាន​បញ្ជាក់ថា សម្ដេច​តេ​ជោ បាន​ជម្រាបជូន​អំពី​មូលហេតុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​លុបចោល online casino ដោយសារ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារសេរី ចំហរ ក៏ប៉ុន្តែ ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ មិន​ពឹង​ផ្អែកលើ​ចំណូល​កាស៊ីណូ​អន​ឡាញ​នេះ​ទេ​។

សម្តេច ​បាន​បញ្ជាក់ថា ការអភិវឌ្ឍ​របស់​កម្ពុជា ​ពឹង​ផ្អែកលើ​កត្តា​ជាច្រើន គឺ​តាមរយៈ​កំណើន​សេដ្ឋកិច្ច ធ្វើ​យ៉ាង ណា​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ការ​ទាក់ទាញ​វិនិយោគ​ធំៗ​ច្បាស់លាស់​មកវិញ ​លើ​វិស័យ​ផ្សេងៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

សម្ដេច បាន​បញ្ជាក់​បន្ថែមថា កម្ពុជា បាន​ពន្ធ​តិចតួច​ណាស់​ពី​កាស៊ីណូ​អន​ឡាញ ​ដូច្នេះ​អ្វី​សំខាន់​គឺ casino online នាំមក​នូវ​ការ​ប្រឈម​នូវ​ឧក្រិដ្ឋកម្ម​ការ​លាង​លុយ​កខ្វក់​ជាដើម​។ ​បច្ចុប្បន្ន ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន មាន​លក្ខណៈ​សំខាន់​ធំ មានការ​កើន​ឡើងជា​លំដាប់​ ហើយ​គោលដៅ​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ ​គឺ​ធ្វើ​ម៉េច​ឲ្យ ឡើងដល់​១០​ពាន់​លាន​ដុល្លារ​។

សម្ដេច​តេ​ជោ បាន​ជម្រាបជូន​ថា សព្វថ្ងៃនេះ កម្ពុជា នៅមាន​សក្តានុពល​ជាច្រើន ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង ជំរុញ​វិស័យសេដ្ឋកិច្ច​។ ទីមួយ ដោយសារ​កន្លងមក កម្ពុជា មាន​រួចមកហើយ​នូវ​តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​ចិន​ដូច្នេះ តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​-​ចិន គឺ​គួរតែ​ពិនិត្យមើល​លើ​សក្តានុពល​អ្វី ដែល​អាច​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​។ ក៏មាន​នៅក្នុង​ក្របខណ្ឌ​អាស៊ាន នូវ​តំបន់​សេដ្ឋកិច្ច​សេរី​អាស៊ាន​នេះ ក៏​អាច​នាំទៅ​កាន់​បណ្ដា​ ប្រទេស​៩​ទៀត​នៅ​អាស៊ាន​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​សហគ្រិន​ចិន មក​វិនិយោគ​បណ្ដាក់ទុន នៅ​កម្ពុជា ហើយ​កុំ​មានការ​ភ័យព្រួយ​ចំពោះ​អ្វីមួយ​នោះ ដោយសារ​កម្ពុជា ​និង​ចិន មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ​ហើយ​បច្ចុប្បន្ននេះ មាន​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​ន​-​អាស៊ាន​-​កម្ពុជា ហើយ​ពេលនេះ គឺជា​ឱកាស​នៃ​ការ​វិនិយោគ​ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​៕