សភា​កម្ពុជា​នឹង​ឡើង​ថ្លែង​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​សហភាព​អន្តរ​សភា​ IPU

208

ភ្នំពេញ​៖ ​គណៈប្រតិភូ​សភា​កម្ពុជា​ ​ល្ងាច​នៅ​ថ្ងៃ​ទី​១០ តុលា​នេះ បាន​ចាក​ចេញពី​កម្ពុជា​ហើយ ដើម្បី​ចូលរួម​មហាសន្និបាត​លើក​ទី​១៤១ ​របស់​សហភាព​អន្តរ​សភា IPU និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សាធារណរដ្ឋ​ស៊ែ​ប៊ី​។ ​ក្នុង​មហាសន្និបាត​នោះ រដ្ឋសភា​កម្ពុជា​ ​នឹង​ឡើង​ថ្លែង​អំពី បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ចំពោះ​មុខ​ភាគី​ព័ន្ធ​។​

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា លោកជំទាវ ឃួន សុ​ដា​រី តំណាង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​លើក​ទី​១៤១​របស់​សហភាព​អន្តរ​សភា IPU និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សាធារណរដ្ឋ​ស៊ែ​ប៊ី ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ មហាសន្និបាត ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ការពង្រឹង​ច្បាប់​អន្តរជាតិ​៖ តួនាទី និង​យន្តការ​សភា និង​ការចូលរួមចំណែក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​»​។​

តាម​គម្រោង​ ​លោកជំទាវ​អនុប្រធាន​ទី​២ រដ្ឋសភា នឹង​ឡើង​ថ្លែង​សុន្ទរកថា អំពី​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​ផ្អែកលើ​ច្បាប់​កម្ពុជា និង​អន្តរជាតិ​។​ 

​ការប្តេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ក្នុង​ការជំរុញ​ប្រព័ន្ធ​ពហុភាគី​និយម ដើម្បី​រក្សា​សន្តិភាព និង​កសាង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​វិធាន​ច្បាប់​។​ ​ថ្លែង​ពី​ភាពផុយស្រួយ​នៃ​សន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​លំបាក និង​បញ្ហា​ប្រឈម​ដោយសារ​នយោបាយ​ជ្រុលនិយម និង​នយោបាយ​ប្រជា​ភិ​ថុ​ត ក៏ដូចជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា រួមទាំង​ថ្លែង​ពី​កិច្ចប្រឹងប្រែង​របស់​សភា​កម្ពុជា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​អន្តរជាតិ​ជាដើម​។​

សូមបញ្ជាក់ថា សហភាព​អន្តរ​សភា IPU ជា​អង្គការនីតិប្បញ្ញត្តិ​ធំ​មួយ បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៨៩ ដែលមាន​សមាជិក ជា​សភា​មកពី​រដ្ឋ​អធិបតេយ្យ​ចំនួន​១៧៩​។ សភា​កម្ពុជា​ចូល​ជា​សមាជិក​IPU ក្នុង​ខែមេសា ឆ្នាំ​១៩៩៧ នៅ​សន្និសីទ​អន្តរ​សភា​លើក​ទី​៩៧ នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។

សម្រាប់​មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា គ្រប់ភាគី​ព័ន្ធ​នឹង​ពិភាក្សា​ផ្តោតជាសំខាន់ លើ​ការលើកកម្ពស់​ការគោរព​ច្បាប់​អន្តរជាតិ ដើម្បី​ពង្រឹង​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ ខណៈដែល​បច្ចុប្បន្ន​ច្បាប់​អន្តរជាតិ កំពុង​រង​ការរំលោភបំពាន​ដោយសារ​ឯកតោភាគី​និយម កិច្ច​គាំពារ​និយម នយោបាយ​ជ្រុលនិយម​ប្រជា​ភិ​ថុ​ត និង​ការ​ប្រជែង​គ្នា​នៃ​មហាអំណាច ព្រមទាំង​ការជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​។​

ក្នុងឱកាស​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៤១​នេះ លោកជំទាវ ឃួន សុ​ដា​រី ក៏​គ្រោង ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​ ​ស៊ែ​ប៊ី ប្រធាន​សហភាព​អន្តរ​សភា សម​ភាគី​សភា​មី​យ៉ាន់​ម៉ា ជប៉ុន និង​កា​ហ្សា​ក់​ស្ថាន ព្រមទាំង​ត្រៀម​ជួប​សភា​ប្រទេស​សមាជិក IPU មួយចំនួនទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​៕​