NOCC មិន​បារម្ភ​ធ្លាក់​ចុះ​អ្នក​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​ចុង​ឆ្នាំ​នេះ​ឡើយ​

324

ម៉ា​រ៉ា​តុង៖ មន្ត្រី​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ដាក់​ការ​ជឿ​ជាក់​ខ្ពស់ក្នុង​ការ​រក្សា ​នូវ​កំណើន​អ្នកចូលរួម​ទិវា​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៤ នា​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​មិន​បារម្ភ​រឿង​ធ្លាក់​ចុះ​អ្នកចូលរួម​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ម្សិលមិញ។

ការ​បង្ហាញ​សុទិដ្ឋិនិយម​បែបនេះ ដោយសារ​ឯកឧត្ដម​ជឿជាក់​លើ​សក្ដានុពល​រប​ស់​ខេត្ត​សៀមរាប ពិសេស​តំបន់​អង្គរ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក និង​ជា​កន្លែង​ដ៏​ល្អ​ឯក​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរ​ណ៍​​មួយ​នេះ។ ដូច្នេះ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​នៅតែ​ចាប់​អារម្មណ៍ ចំពោះ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ខណៈ​បច្ចុប្បន្ន​មាន​អ្នក​ចុះឈ្មោះ​ជិត ៤,០០​នាក់​ហើយ។​ កាលពី​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដំបូង ដែល​ព្រឹត្តិការណ៍​នេះមាន​អ្នក​រត់កើន​ដល់​ជាង ១០,៥០០​នាក់។ ប៉ុន្តែ​ឆ្នាំនេះ​គណៈកម្មការ​មានការ​ជឿ​ជាក់​ថា ក៏​មិន​ក្រោម ១​ម៉ឺន​នាក់​ដែរគឺ​មាន​តែ​កើន​ជាង​នេះ។ ការ​អះ​អាង​បែបនេះ ​ដោយសារ​សន្ទុះ​ក្នុង​ការ​ចុះឈ្មោះ​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ គឺ​ប្រហាក់​ប្រហែល​គ្នា​។ ហេតុនេះឯកឧត្ដម​បាន​អំពាវនាវ​ភ្ញៀវ​ជាតិ និង​អន្តរជាតិចុះឈ្មោះ​ឲ្យ​បាន​រួសរាន់ ដើម្បី​ងាយស្រួល​គណៈកម្មការ​រៀប​ចំ។

ទន្ទឹម​ជាមួយគ្នាលោក សែម ផល្លា នាយក​ប្រតិបត្តិ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះបាន​បញ្ជាក់​ថា ឆ្នាំនេះ​គណៈកម្មការ​បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទទួល​អ្នកចូលរួម​លើស​ពី ១​ម៉ឺន​នាក់។ ប៉ុន្តែ​បើ​ផ្អែកលើ​ចំនួន​ជាក់​ស្ដែងអ្នក​ចុះឈ្មោះ​នៅ​មាន​កម្រិត ព្រោះ​ភាគច្រើន​អ្នកចូលរួមច្រើន​សម្រុក​ចុះឈ្មោះ​អំឡុង ១​ខែ​មុន​ព្រឹត្តិការណ៍ ។ ដូច្នេះ​លោក​បាន​អំពាវនាវ​ជាថ្មី ដោយ​ស្នើ​ឲ្យ​អ្នក​មានបំណង​ចូលរួមទាំង​ខ្មែរ និង​បរទេស រួសរាន់​ចុះឈ្មោះ​ព្រោះ​សម្ភារៈ​ក៏​មាន​កំណត់​ដែរ។​ គួរ​បញ្ជាក់​ថា ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើត​ដោយ​ក្រសួងទេសចរណ៍ ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បាន​ផ្ដល់​សេចក្ដីទុកចិត្ត​ឲ្យ NOCC ក្នុង​ការ​រៀបចំក្នុង​គោលបំណង ​ដើម្បី​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ថវិកា​ទទួល​បាន​ពី​ការរៀបចំ នឹង​ត្រូវ​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ កុមារ​កំព្រា និង​ជន​ពិការ​ដោយ​គ្រាប់​មីន​នៅ​កម្ពុជា​ជា​ដើម៕

អត្ថបទ៖ លី ឈុន​ឡា