ក្រសួង​សាធារណការ និង​សង្គម​ស៊ីវិល​ រួមទាំង​ក្រុមហ៊ុន​ឯកជន​បាន​ចុះ​ MOU ​រួមគ្នា​លើ​ការងារ​សុវត្ថិភាព ​ចរាចរណ៍​ផ្លូវគោក​

233

ភ្នំពេញ ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន Pernod Ricard Cambodge និង​អង្គការ អា​ភី​ស្វា (APIWSA ) បាន​រួមគ្នា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី គម្រោង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​ឆ្នាំ​២០១៩​។

កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ នៅ​ទីស្ដីការក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន Pernod Ricard Cambodge ​និង​អង្គការ អា​ភី​ស្វា (APIWSA ) ស្ដីពី​គម្រោង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ឆ្នាំ​២០១៩ ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ក្រុមហ៊ុន អង្គការ​ដៃគូ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និ​ង​មន្ត្រីរាជការ​ក្រសួង​ផងដែរ​។

គម្រោង​នេះ ​រៀបចំឡើង​ដើម្បី​បង្កើត​កិច្ចសហការ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្ដោតជា​សំខាន់​លើ​ការបណ្ដុះបណ្ដាល ​និង​ការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​និង​មហន្តរាយ​ដែល​កើតមាន​ឡើង​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ​នៅតាម​សាកលវិទ្យាល័យ​ចំនួន​៨ ក្នុង​ខេត្តសៀមរាប បន្ទាយមានជ័យ និង​បាត់ដំបង​។

ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាំង​នាម​គណៈកម្មាការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​បាន​គូសបញ្ជាក់ថា ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មិន​អាច​ធ្វើ​តែ​ក្រសួង​ម្នាក់ឯង​បាន​នោះទេ ​ពោលគឺ​ត្រូវការ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។

ជាមួយគ្នា​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ សូម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជៀសវាង​ការ​បើក​ជែង​គ្នា​លើស​ល្បឿន​កំណត់ គោរព​សិទ្ធិ​អាទិភាព កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​យក​យានយន្ត​របស់​ខ្លួន​ទៅពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បន្សល់ទុក​ជនពិកា​រ កុមារកំព្រា ​ស្រី្ត​មេម៉ាយ ឬ​ពោះម៉ាយ ដែលជា​ហេតុ​ធ្វើឱ្យ​ងាយ​រអិល​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ភាពក្រីក្រ​ផងដែរ​។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Pernod Ricard Cambodge និង​អង្គការ អា​ភី​ស្វា (APIWSA) ​ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ឱ្យមាន​គម្រោង​នេះ​ឡើង​។ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ផងដែរ​ថា ​គម្រោង​នេះ​ នឹង​ជួយ​ជំរុញ​ឱ្យ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាតិ​កម្ពុជា ​ទទួលបាន​ជោគជ័យ​ខ្ពស់ ៕