ឯកឧត្ដម ស សុខា៖ ​សហព័ន្ធ​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​ដើម្បី​វាស​ស្ទង់​សមត្ថភាព

160

ប៉េតង់៖ ក្រោយ​កីឡា​ការិនី​ប៉េតង់​កម្ពុជា អ៊ុន ស្រី​យ៉ា ដណ្ដើម​មេដាយ​មាស ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​ពាន​រង្វាន់ TropheeLEquipe 2019 នៅ​ប្រទេស​បារាំង​លើ​វិញ្ញាសា​ឯកត្តជន​នារី បន្ទាប់ពី​យកឈ្នះ​លើ​កីឡា​ការិនី​ម្ចាស់ផ្ទះ​បារាំង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​កីឡា​ការិនី​កម្ពុជា​បាន​វិលត្រឡប់​ មកដល់​ទឹកដី​កំណើត​វិញ​ហើយកាលពី​យប់​ម្សិល​មិញ​នេះ ខណៈ​ដែល​មានការ​ទទួល​ស្វា​គម​ពី​ឯកឧត្ដម ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​ទទួល​ស្វា​គម​ការ​វិល​ត្រឡប់​មក​វិញ​របស់​កីឡា​ការិនី​កម្ពុជា ឯកឧត្ដម ស សុខា បាន​មាន​ប្រសា​សន៍ថា សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នេះ សុទ្ធតែ​មានការ​ជ្រើសរើស​ប្រទេស​ដែល​មាន Ranking និង​មានការ​អញ្ជើញ​ឲ្យ​ចូលរួម​។ ឯកឧត្ដម​បន្ត​ថា សហព័ន្ធ​នឹង​បន្ត​បញ្ជូន​កីឡាករ-កីឡា​ការិនីឲ្យ​ទៅ​ចូលរួម​ការប្រកួត​ផ្សេងៗ​ នៅ​លើក​ឆាក​អន្តរជាតិដើម្បី​វាស់​ស្ទង់​សមត្ថភាព​។​ ក្នុង​ឱកាស​នោះ​ដែរលោក សុខ ម៉ុង គ្រូ​បង្វឹក​ដែរ​ដឹកនាំ​កីឡា​ការិនី​ទៅ​ចូលរួម​ប្រកួត​ នៅ​ប្រទេស​បារាំង​នេះ​បាន​លើក​ឡើង​ថា លោក​មានការ​សោកស្ដាយ​ខ្លះ​ដែរ ចំពោះ​កីឡា​ការិនី​យើងដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំងអស់ ប៉ុន្តែ​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​។ យ៉ាងណា​យើង​ត្រូវ​ខិតខំ​ទាំង​អស់​គ្នាបន្ត​ទៀត ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជើងឯក​ពិភពលោក ដែរ​យើង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពេល​ខាង​មុខ​។​

ដោយឡែក​ម្ចាស់​មេដាយ​មាស​កីឡា​ការិនី អ៊ុន ស្រី​យ៉ា បាន​លើក​ឡើង​ថា ខ្លួន​ពិតជា​មាន​មោទនភាព​ណាស់ នៅ​ពេល​គេ​ប្រកាស​ហៅ​ប្រទេស​កម្ពុជា ​ឡើង​ទទួល​មេដាយ​ដែល​ខ្លួន​ដណ្ដើម​បាន ហើយ​ជ័យជំនះ​នេះ​មានការ​លើកទឹកចិត្ត​ពី​សហព័ន្ធ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​ពាន​រង្វាន់ TropheeLEquipe 2019 នៅ​ប្រទេស​បារាំង​ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា​បាន​បញ្ជូន​ក្រុម​កីឡា​ការិនី​ប៉េតង់​កម្ពុជា​ចំនួន ​៣​នាក់ និង​គ្រូ​បង្វឹក​មួយ​រូប​ទៅ​ចូលរួមក្នុង​នោះ​មាន​កីឡា​ការិនី កែ ឡេង, កីឡា​ការិនី​ ស្រ៊ាង សុរ៉ា​ឃីម, កីឡា​ការិនី អ៊ុន ស្រី​យ៉ា និង​លោកគ្រូ​បង្វឹក សុខ ម៉ុង​។​ គួរ​រំឭក​ដែរ​ថា កាល​ឆ្នាំ​២០១៨ ​កន្លងទៅ អត្ត​ព​លិ​ក​កីឡា​ប៉េតង់​កម្ពុជា​យើងដណ្ដើម​មេដាយ​ ៥​គ្រឿង ក្នុង​នោះ​មេដាយ​មាស ៣​គ្រឿង និង​មេដាយ​ប្រាក់ ២​គ្រឿង​ទៀត​ក្នុង​ចំណោម​ ៨​ប្រទេសដែល​ប្រមូល​ផ្តុំ​សុទ្ធ​សឹង​ជា​កីឡាករ​-​កីឡា​ការិនី​ឆ្នើម​ដែល​មាន​ស្នាដៃ និង​ជា​ម្ចាស់​មេដាយ​មាស​កម្រិត​ពិភពលោក​៕