កូរ៉េខាងជើង​រិះគន់​សហរដ្ឋអាមេរិក​មុន​កិច្ច​ប្រជុំ​កំពូល​រវាង​លោក ម៉ៃ ផូ​មផូ និង​លោក គីម

267

​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ​នៅ​ពេល​ដែល​របប​នេះ​បាន​ងាក​ទៅ​រក​ការចរចា​ដ៏​តឹងតែង​ជា​ថ្មី​ទៀត ​ប៉ុន្មាន​ថ្ងៃមុន​ជំនួប​កំពូល​ដ៏​សំខាន់​មួយ​ នៅ​ទីក្រុង​ព្យុងយ៉ាង​។

​លោក​ម៉ៃ ផូ​មផូ រដ្ឋមន្ត្រីការបរទេស​អាមេរិក គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម នៅ​ថ្ងៃ​អាទិ​ត​ខាងមុខនេះ​ ដើម្បី​ចាប់ផ្ដើម​ឡើងវិញនូវ​កិច្ច​ពិភាក្សា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​ការ​រីក​ចម្រើន​តិចតួច​នៅ​ឆ្នាំនេះ បើ​ទោះ​ជា​មាន​កិច្ចប្រជុំ​កំពូល​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់ ក្នុងចំណោម​មេដឹកនាំរបស់ទីក្រុង​ព្យុងយ៉ាង  សេ​អ៊ូ​ល និងវ៉ាស៊ីនតោន​ក៏ដោយ។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ​ដោយ​ប្រមុខ​ការទូត​អាមេរិក​បាន​កើត​ឡើង​ប៉ុន្មាន​សប្ដាហ៍ ​បន្ទាប់ពី​លោក​ គីម ​បាន​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ជាថ្មី ​ចំពោះ​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ​និង​បាន​សន្យា​ផ្ដល់​សម្បទាន​ជាក់លាក់ ​អំឡុង​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កាសែត​កូរ៉េខាងជើង​ Rodong Sinmun​ បាន​សរសើរ​មេដឹកនាំ​ផ្ដាច់ការ លោក​ គីម និង​បាន​រិះគន់​សហរដ្ឋអាមេរិក​ ចំពោះ​ការ​បន្ត​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ ដែល​បាន​ធ្វើ​ឲ្យ​របប​នេះ​ដាច់​ឆ្ងាយ​ពី​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​ពិភពលោក​។​

ក្រុម​អ្នក​វិភាគ​ជាច្រើន​មិន​ជឿ​ថា​ លោក ​គីម​ មាន​ឆន្ទៈ​ស្មោះត្រង់​ក្នុង​ការ​រក្សា​សន្យា​ណាមួយ​របស់​លោក​​ ដើម្បី​សាយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ​។​ ពួកគេ​បាន​ចង្អុល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​អាវុធ​ទំនើប​របស់​របប​នេះ ​ចាប់​តាំង​ពី​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​អាមេរិក ​ក្នុង​ខែ​មិថុនា​ជា​ភស្តុតាង​។​ គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក រ៉ូ​ យ៉ុង​ហូ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បាន​និយាយ​ នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា កូរ៉េខាងជើង​នឹង​មិន​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដោយ​មិន​មាន​ការ​ជឿ​ជាក់​ពី​សហរដ្ឋអាមេរិក​នោះ​ឡើយ៕
អត្ថបទ៖ សុខ​មាន