មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​រម្លឹក​ឡើងវិញ​អំពី​ផល​វិជ្ជមាន​នៃ​ការ​ផ្តល់​ឈាម

194

ភ្នំពេញ ៖ ជាថ្មី​ម្តងទៀត នៅ​រសៀល​ថ្ងៃទី​១៨ តុលា ឆ្នំ​២០១៩​នេះ លោក​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​បន្ត​អំពាវនាវ​សប្បុរសជន ​ចូលរួម​បរិច្ចាគ​ឈាម ព្រោះថា ​ការផ្ដល់​ឈាម មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ​ ប៉ុន្តែ​ថែមទាំង​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នកដទៃ​ថែមទៀត​ផង​។

ក្នុងឱកាស​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន សាម​សុង រៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដើម្បី​ចូលរួម ​ផ្តល់​និង​សង្គ្រោះ​ជីវិត លោក​វេជ្ជបណ្ឌិត មើ​ក ​សា​មាន ​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ មានប្រសាសន៍ថា ​ការផ្ដល់​ឈាម គឺជា​សកម្មភាព​ដ៏​ប្រសើរ​បំផុត​ ដែល​មិន​អាច​កាត់ថ្លៃ និង​មិន​អាច​ខ្វះ​បាន ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ឈាម​ចាំបាច់ ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​។ លោក ​ឲ្យ​ដឹង​ទៀតថា ​សព្វថ្ងៃនេះ​ មាន​អ្នកជំងឺ​ជាច្រើន​ដែល​ទទួល​ការ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន ​ដែល​ជួយ​ដល់​អ្នកជំងឺ​ខ្វះខាត​ឈាម ​ដូចជា​ជំងឺ​រ៉ាំរ៉ៃ​ ស្ត្រី​សម្រាលកូន ជំងឺ​ផ្នែក​មហារីក និង​ការ​លាង​ឈាម​ជាដើម​។

លោក សឹង​ហូ ឈ​យ ( Seungho Choi) អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​អេ​ឡិច​ត្រូ​និ​ច ​ប្រចាំ​ប្រទេស​កម្ពុជា​ លើកឡើងថា ​គោលបំណង​តែមួយគត់​នៃ​កម្មវិធី​ផ្តល់​ឈាម​ គឺ​ជួយសង្គ្រោះ​ដល់​ប្រជាជន​កម្ពុជា និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការផ្គត់ផ្គង់​ឈាម​។ ​លោក​ បន្តថា កម្មវិធី​នេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​មនុស្សធម៌ ​និង​សង្គម​ដទៃ​ទៀត​ជាច្រើន ​ដែល​តែងតែ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម ​និង​មនុស្សជាតិ​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង​។

បច្ចុប្បន្ន មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​រាជធានី​-​ខេត្ត​សរុប​មាន​ចំនួន​២២​កន្លែង ​និង​ដេប៉ូ​ឈាម​នៅ​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​មាន​ចំនួន​១០​ និង​មាន​ស្ថានីយ​ទទួល​អំណោយ​ឈាម​ពីរ​កន្លែង​ផ្សេង​ទៀត នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ​(​ទី​១) ​ និង​សាខា​សែន​សុខ (​ទី​២)