មេដឹកនាំ​កំពូល​អ៊ីរ៉ង់៖ អឺរ៉ុប​មិន​អាច​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ទេ

119

អ៊ីរ៉ង់៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អា​យ៉ា​តូ​ឡា អា​លីខា​មេ​ណេ (Ayatollah Ali Khamenei) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ មាន​មន្ទិល​កាន់​តែ​ខ្លាំងទៅលើ​លទ្ធភាព​ នៃ​បណ្ដា​ប្រទេស​នានារបស់​សហភាព​អឺរ៉ុប ក្នុង​ការ​ជួយ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ​២០១៥ ជាមួយ​បណ្ដា​ប្រទេស​មហាអំណាច​មួយ​ចំនួន ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គំរាមកំហែង ​ក្រោយការ​ដក​ខ្លួន​របស់​ស​ហ​រដ្ឋ​អាមេរិក និង​និយាយ​ថា ទីក្រុងតេ​អេ​រ៉ង់ប្រហែល​នឹង​​បោះបង់ចោលកិច្ចព្រមព្រៀង​មួយ​នេះ។

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លោក​ Khamenei បាន​និយាយ​ថា ​ក្រុង​តេ​អេ​រ៉ង់​នឹង​មិន​ចរចា​ជាមួយ​មន្ត្រី​អាមេរិក​ ដែល​គ្មាន​ភាព​ស្មោះត្រង់ ​និង​ចូលចិត្ត​បង្ក​បញ្ហា​ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ថ្មី​មួយ​ ស្ដីពី​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ ​ព្រោះ​ក្រុង​វ៉ាស៊ីនតោន​ចង់​បង្ហាញ​អំនួត​ថា ពួកគេ​អាច​នាំ​អ៊ីរ៉ង់​ទៅកាន់​តុ​ចរចា​បាន​។ លោក Khamenei បាន​ដាស់តឿន​ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កុំ​ឱ្យ​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ការ​គាំទ្រ​របស់​អឺរ៉ុប​ ខណៈ​ពេល​ដែល​លោក​បាន​ស្ថិត​នៅ​ក្រោម ​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​​ក្នុង​ប្រទេស​របស់​ខ្លួន ​ជុំវិញ​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​របស់​លោក ដោយ​សារ​ប្រឈមមុខ​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក ដោយ​រដ្ឋមន្ត្រី​សំខាន់ៗមួយ​ចំនួនត្រូវ​បាន​វាយប្រហារ​ដោយ​សភា​។

​បន្ទាប់ពី​ការ​ដក​ខ្លួន​ចេញ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ ​ដែល​នឹង​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប្រទេស​មហាអំណាច​មួយ​ចំនួន​របស់​អឺរ៉ុប បាន​កំពុង​ព្យាយាម​ដើម្បី​ធានា​ថា ​អ៊ីរ៉ង់​នៅតែ​បន្ត​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ចដ៏​ចាំ​បាច់ ដើម្បី​ឲ្យ​អ៊ីរ៉ង់​បន្ត​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​៕
អត្ថបទ៖ សុខ​មាន