​ឯកឧត្ដម​ ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សម្ពោធ​សាខា​ទី​១៥ របស់​ធនាគារ​វឌ្ឍនៈ ​សាខា​ខេត្ត​កំពង់ចាម​

248

កំពង់ចាម​៖ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សម្ពោធ​សាខា​ទី​១៥ របស់​ធនាគារវឌ្ឍនៈ នៅ​សាខា​ខេត្ត​កំពង់ចាម នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​។​

សាខា​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទី​រួម​ខេត្តកំពង់ចាម ដែល​មាន​អគារ​កម្ពស់​១៤​ជាន់ និង​មាន​ទីធ្លា​ធំ​ទូលាយ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ សាខា​ធនាគារ​នេះ នឹង​ផ្តល់​សេវាកម្ម ធនាគារ​គ្រប់​ប្រភេទ​ជូន លោក លោកស្រី លោក​ឧកញ៉ា លោក​លោកស្រី ដែល​ជា​អតិថិជន ឬ​អាជីវករ​រស់នៅ​ខេត្តកំពង់ចាម​ផ្ទាល់ ជាពិសេស​ធនាគារ​វឌ្ឍនៈ មាន​ផ្តល់​សេវាកម្ម​បង់ប្រាក់​ពន្ធ​-​អាករ​គ្រប់​ប្រភេទ កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ផងដែរ​។​

ធនាគារ​វឌ្ឍនៈ ក៏​សូម​ស្វាគមន៍ និង​គាំទ្រ​សហគ្រាស​អាជីវកម្ម​ខ្នាតតូច​-​មធ្យម នៅ​ខេត្តកំពង់ចាម ដើម្បី​ជួយ​បង្កើន​ទុន និង​ជំរុញ​សហគ្រាស​អាជីវកម្ម​ទាំងនេះ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។ លើសពីនេះ ធនាគារ​វឌ្ឍនៈ សាខា​ខេត្តកំពង់ចាម មាន​សាល​ផ្តល់​សេវាកម្ម​ធនាគារ​ប្រកបដោយ​ផាសុកភាព និង​ទីធ្លា​ចំណត​ធំ​ទូលាយ​ងាយស្រួល សម្រាប់​អតិថិជន​មក​ធ្វើ​ប្រតិបត្តិការ​ធនាគារ ហើយក៏​មាន ការិយាល័យ​ផ្តល់​សេវាកម្ម​ពិសេស «​សេវាកម្ម​មាស​» រង់ចាំ​បម្រើ​ជូន លោក លោកស្រី លោក​ឧកញ៉ា លោក​លោកស្រី ជា​អតិថិជន​របស់​ធនាគា​រ​វឌ្ឍនៈ​ផងដែរ​។​

លោកស្រី សយ ស៊ុន​ណា​រី ជា​ប្រធាន​សាខា និង​លោកស្រី ហោ ធីតា ជា​អនុប្រធាន​សាខា សុទ្ធតែជា​អ្នកស្រុក​ខេត្តកំពង់ចាម ដែលជា​អ្នកគ្រប់គ្រង​លើ​ដំណើរការ​ប្រតិបត្តិការ ធនាគារ​ប្រចាំថ្ងៃ​របស់​សាខា​ផ្ទាល់​។​

សូមជម្រាបថា ធនាគារ​វឌ្ឍនៈ គឺជា​ធនាគារ​ដែលមាន​ភាគ​ទុ​និក​ក្នុងស្រុក​សុទ្ធ បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០២​។ ធនាគារ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ជាន់​ទី​២ នៃ​វិមាន​វឌ្ឍនៈ កា​ពី​តា​ល នៅ​រាជធានី​ភ្នំពេញ​។ ធនាគារ វឌ្ឍនៈ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ​គ្រប់​ប្រភេទ ដែលមាន​សាខា​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា ខេត្ត​នានា​សាខា​ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និង​ខេត្តកំពង់ចាម ដែលជា​សាខា​ថ្មី ទី​១៥ បើកសម្ពោធ​នា​ថ្ងៃនេះ​។​

ធនាគារ វឌ្ឍនៈ ទទួលបាន​នូវ​ទំនុកចិត្ត និង​ការជឿទុកចិត្ត ពី​អតិថិជន​ប្រកបដោយ​វឌ្ឍន​ភាពជា​បន្តបន្ទាប់ ហើយ​ទទួលបាន​នូវ​កិត្តិសព្ទ​ល្អ ក្នុង​ការផ្តល់សេវា​អតិថិជន​ល្អឥតខ្ចោះ និង​មាន​អភិបាលកិច្ច​សាជីវកម្ម​ល្អ តាមរយៈ​ការទទួលស្គាល់​ពី​សំណាក់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក្នុង​រយៈពេល​នៃ​ប្រតិបត្តិការ​របស់ខ្លួន​ជាច្រើន​ឆ្នាំកន្លងមក​៕​