AFC ដាក់​បម្រាម​កីឡាករ​របស់ Al Sadd, Abdelkarim Hassan ៥​ខែ​ក្រោយ​ប៉ះ​ជាមួយ​អាជ្ញា​កណ្តាល​

133

បាល់ទាត់៖ ​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាស៊ី Adbelkarim Hassan ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាស៊ី AFC សំរេច​ដាក់​ពិន័យ ៥ខែក្រោយ​ប៉ះ​ជាមួយ​នឹង​អាជ្ញា​កណ្តាល ​អំឡុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League ជើង​ទី​មួយ​ពេល Al Sadd​ ចាញ់ Al Hilal ១​។ ​ខ្សែ​ការពារ​ឆ្វេង​របស់​ក្លិប​កាតា Al Sadd ​រូប​នេះ​នឹង​អាច​វិល​ចូល​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី​២០ ខែ​មិនា​ឆ្នាំក្រោយ​។

តែ FIFA បាន​បញ្ជាក់​ថា Hassan នឹង​អាច​លេង​ការប្រកួត FIFA Club World Cup បាន​នៅ​ខែ​ធ្នូ​ខាងមុខ ដែល​មាន​វត្តមាន Al Sadd​ ក្នុង​ព្រឹត្តិការណ៍​នោះ​ផង​ដែរ ហើយក៏​អាច​លេង​ការប្រកួត​ក្នុងស្រុក​បាន​ដែរ​។ ​Abdelkarim Hassan បាន​មាន​ប្រតិកម្ម​ខ្លាំង​ក្រោយ​ទទួល​បាន​កាត​លឿង ដែល​ធ្វើ​អោយ​គេ​ខឹង​សម្បារ និង​បាន​ប្រឈម​ទល់មុខ​គេ​គ្នា​ជាមួយ​លោក​អាជ្ញា​កណ្តាល​។ ​ការ​ដាក់​បម្រាម ៥​ខែ​នេះ​មានន័យថា Abdelkarim Hassan នឹង​មិន​បាន​លេង​ក្នុង​ក្រប​ខណ្ឌ AFC Champions League បី​ប្រកួត​ក្នុង​វគ្គ Group Stage ឆ្នាំក្រោយ​។ ​រំលឹក​ថា Hassan គឺជា​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​នៅ​អាស៊ី​ឆ្នាំ២០១៨ កន្លងទៅ​។ ដើមឆ្នាំ២០១៩ នេះ គេ​ក៏បាន​ជួយ​ក្រុម​ជំរើសជាតិ​កាតា​ឈ្នះ​ជើងឯក AFC Asian Cup កាលពី​ខែ​កុម្ភៈ​កន្លងទៅ និង​ចូលរួម​ជាមួយ​កាតា​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍ Copa America លើ​ទឹកដី​ប្រេ​ស៊ី​ល​ផង​ដែរ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ