យុវជន​កម្ពុជា​យល់ដឹង​ច្រើន​ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣​តុលា

156

ភ្នំពេញ ៖ ២៣ តុលា​ឆ្នាំ​២០១៩ គឺជា​គម្រប់​ខួប ២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង ក្រុងប៉ារីស​។ ​យុវជន​កម្ពុជា​បាន​បង្ហាញ​ការ​សាទរ និង​មានការ​យល់ដឹង​ច្រើន​ពី​គុណ​តម្លៃ​ នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​ផ្ដល់​ជូន​កម្ពុជា​។

យុវជន​កម្ពុជា​ មើលឃើញថា កិច្ចព្រមព្រៀង​ក្រុង ប៉ារីស​ឆ្នាំ ២៣ តុលា​ឆ្នាំ​១៩៩១ ​ជា​ចំណុច​ចាប់ផ្ដើម​មាន​សារៈសំខាន់ ​ជាខ្លាំង​ ក្នុងការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ។ យុវជន ឃ្លោក ​សួស​ដេវីដ ជា​និស្សិត​ឆ្នាំ​ទី ២​សិក្សា​នៅ​រាជធានី​ភ្នំពេញ​លើកឡើងថា កិច្ចព្រមព្រៀង​បាន​ផ្ដោត​ជា​សំខាន់​ដើម្បី​បញ្ចប់​ការ​បាញ់​គ្នា​ក្នុង​សង្គ្រាមស៊ីវិល​ខ្មែរ ​ទោះបីជា​ការ​ប្រយុទ្ធ​គ្នា​ពុំបាន​បញ្ចប់​ទាំងស្រុង​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​ក្ដី​។

ជាក់ស្ដែង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅតែ​បន្ត​កើតឡើង​ជាច្រើន​ឆ្នាំ​ទោះបី​ជាមាន​កិច្ចព្រមព្រៀង​ក្រុង ប៉ារីស ២៣​តុលា​ឆ្នាំ​១៩៩១​ក្ដី​។​ សង្គ្រាម​ខ្មែរ​និង​ខ្មែរ​នេះ បាន​អូសបន្លាយ​រហូត​ដល់​ឆ្នាំ ១៩៩៨ ទើបបាន​បិទ​បញ្ចប់​ទាំងស្រុង ​នាំមក​នូវ​សុខ​សន្តិភាព ​ការអភិវឌ្ឍន៍​ជូន​ប្រជាជន​កម្ពុជា​រហូតដល់​បច្ចុប្បន្ន ក្រោម​ការអនុវត្ត​គោលនយោបាយ ​ឈ្នះៗ ​របស់​សម្ដេច​ តេ​ជោ ហ៊ុន សែន​។

ទន្ទឹមនឹង​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​អ្វីៗ​គ្រប់​យ៉ាងដូច​សព្វថ្ងៃនេះ យុវជន​កម្ពុជា​បង្ហាញ​ភាពមិ​ន​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ ទណ្ឌិត សម រង្ស៊ី ដែល​ប្រកាស​ឱ្យ​ពលរដ្ឋ​និង​កងកម្លាំង​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី ៩ វិច្ឆិកា​ ជាការ​កំណត់​វេលា​វិល​ចូល​ស្រុក​របស់ខ្លួន​ទៅវិញ​។​ យុវជន​ថា ពួកគេ​ប្រឆាំង​ជាដាច់ខាត​ចំពោះ ​ការប៉ុនប៉ង​ឱ្យមាន​សង្គ្រាម ស៊ីវិល​នៅ​កម្ពុជា​កើតឡើង​ជាថ្មី​បែបនេះ ​ហើយ​ទង្វើ​នេះ​វា​ផ្ទុយ​ពីអ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចង់បាន ​និង​ផ្ទុយ​ពី កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ទាំងស្រុង ។

ក្នុងនាម​ជា​យុវជន ពួកគេ​មានការ​ប្ដេជ្ញាចិត្ត​យ៉ាងរឹងមាំ រួបរួមគ្នា​ជា​ធ្លុង​មួយ ខិតខំ​រៀនសូត្រ មិន​អនុញ្ញាត​ឱ្យ​សង្គ្រាម​វិលត្រឡប់​ចូលមក​កម្ពុជា​សារជាថ្មី និង​បន្ត​ព្យាយាម​ថែរក្សា​នូវ​សុខ​សន្តិភាព ដែលជា​គោលដៅ​សំខាន់​របស់​កិច្ចព្រមព្រៀង ក្រុងប៉ារីស​។

កិច្ចព្រមព្រៀង​ក្រុង ប៉ារីស ឆ្នាំ​១៩៩១ ធ្វើឡើង ដោយ​ពេលនោះ​កម្ពុ​ជាមាន ៤​ភាគី គឺ រដ្ឋ​កម្ពុជា ហ៊្វុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន និង​ខ្មែរក្រហម ព្រមទាំង​មាន​ប្រទេស​ហត្ថលេខី​ចំនួន ១៨ ប្រទេស​។ ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន ការ​ឈប់​បាញ់​រវាង​ភាគី​ជម្លោះ ក្នុង​សង្គ្រាមស៊ីវិល​ខ្មែរ ការ​កាត់​រំសាយទ័ព ​ ការដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា ការរៀបចំ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ​ការកំណត់​អាណត្តិ​របស់​អ៊ុនតាក់ ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​ខ្មែរ ពី​ជំរំ​ជនភៀសខ្លួន​ជាយដែន​ខ្មែរ​-​ថៃ ​វិលត្រឡប់​ចូល​កម្ពុជា​វិញ និង​ការកំណត់​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា​។ កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដដែល​នេះ ក៏បាន​កំណត់​ឱ្យ​កម្ពុជា និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀត មាន​កាតព្វកិច្ច​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត្យ​គ្នា​ទៅវិញទៅមក​៕