កីឡាករ Andy Murray ធ្លាក់​ពី U.S. Open ត្រឹម​ជុំ​ទី​២​

119
​កីឡាករ​ស្កុ​ត​ឡែ​ន Andy Murray

តេន្នីស៖ ​ដំណើរ​វិល​ត្រលប់​មកវិញ​ក្នុង​ព្រឹត្តិការណ៍ U.S. Open របស់​កីឡាករ​ស្កុ​ត​ឡែ​ន Andy Murray ត្រូវ​បាន​​បញ្ចប់​ត្រឹម​ជុំ​ទី​ពីរ​ប៉ុណ្ណោះ ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ជើងចាស់​អេ​ស្ប៉ា​ញ Fernando Verdasco ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​។

កីឡាករ​អា​ហ្ស​ង់​ទីន Juan Martin del Potro

​​អតីត​កីឡាករ​លំដាប់​លេខ​១ ពិភពលោក និង​ជា​អតីត​ជើងឯក​នៅ​ទី​នេះ​ឆ្នាំ2012 ដែល​កំពុង​ព្យាយាម​សម្រប​ខ្លួន​អោយ​ល្អ​ឡើងវិញ​ ក្រោយ​ទទួល​ការវះកាត់​ត្រកៀក​នោះ បាន​វាយ​តាម​ស្មើ​វិញ​នៅ​សិត​ទី​ពីរ 6-2 បន្ទាប់ពី Verdasco យកឈ្នះ​សិត​ដំបូង 7-5​។ ​យ៉ាង​ណា​ក្តី Verdasco មិន​ប្រណី​ដៃ និង​បាន​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ 6-4, 6-4 ដើម្បី​យកឈ្នះ​ការប្រកួត​នេះ​ចំ​ណាយ​ពេល 3ម៉ោង 30នាទី​។ ​បញ្ចប់​ការប្រកួត Murray ដើរ​ចេញពី​ទីលាន​ ដោយមាន​ការ​ទះដៃ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​ផង​ដែរ ខណៈ​ដែល Verdasco ឯណោះ​វិញ​រីករាយ​ដែល​ឈ្នះ Murray លើក​ទី​២ ប៉ុណ្ណោះ​ក្នុងចំណោម​ជំនួប 15លើក​នឹង​គ្នា ហើយ​ជា​ជ័យជំនះ​លើកដំបូង​ក្នុង​រយៈពេល 9 ឆ្នាំ​។

កីឡាករ​ស្វ៊ី​ស Stanislas Wawrinka

​​ងាក​មក​ការ​ប្រកួត​ផ្នែក​បុរស​មួយ​គូ​ទៀត កីឡាករ​អា​ហ្ស​ង់​ទីន Juan Martin del Potro មិន​មាន​បញ្ហា​ឡើយ ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Denis Kudla 6-3, 6-1, 7-6(7-4)​។ ​ដូច្នេះ​នៅ​ជុំ​បន្ត Del Potro នឹង​ត្រូវ​ជួប​ជាមួយ Fernando Verdasco​។ ​ចំណែក​មួយ​ប្រកួត​ដែល​លេង​ពេល​រសៀល ដែល​មាន​ការ​រំខាន​ដោយសារ​កម្ដៅ ពោល​គឺ​សីតុណ្ហភាព​ឡើង​ដល់ 38អង្សា តែ​កីឡាករ​ស្វ៊ី​ស Stanislas Wawrinka បាន​យកឈ្នះ​កីឡាករ​បារាំង Ugo Humbert ទាំង​តានតឹង 7-6(7-5), 4-6, 6-3, 7-5 ចំណាយ​ពេល​ជិត​បី​ម៉ោង​កន្លះ​។ ​Wawrinka ដែល​កាលពី​ជុំ​មួយ​ទម្លាក់ Grigo Dimitrov នោះ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​កាណាដា Milos Raonic ដែល​ទើប​ទម្លាក់​កីឡាករ​បារាំង Gilles Simon៕
​អត្ថបទ​៖​នាង សុភា​វុ​ធ