អត្ត​ព​លិ​ក​ត្រៀម​ប្រកួត​កីឡា​ប៉េតង់​ពិភព​លោក​នៅ​កម្ពុជា​ខែ​ក្រោយ​កើន​ដល់ ៤៦​ប្រទេស

259
រូបឯកសារ

ប៉េតង់៖ នៅសល់​រយៈពេល ២៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភព​លោក​យុវជន និង​ស្ត្រី​លើក​ទី​១៧ នៅ​កម្ពុជា​នឹង​មកដល់​ហើយ ស្រប​ពេល​អត្ត​ព​លិ​ក​ចុះឈ្មោះ​ចូល​រួម​បាន​កើន​ដល់ ៤៦​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ស សុខា ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា ក្នុង​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​ក្រឡាហោម ស ខេង លើក​ទី​១៩ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូប​នេះ​បញ្ជាក់​ថា តាម​ការ​គ្រោង​ទុក​សហព័ន្ធ​រំពឹង​ការធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​អត្ត​ព​លិ​ក​យ៉ាង​ហោច ៤០​ប្រទេស​ប៉ុណ្ណោះ​ចូលរួម តែ​ជាក់ស្ដែង​មក​ទល់​ពេល​នេះ​ការ​ចុះ​ឈ្មោះ​បាន​កើន​ដល់ ៤៦​ប្រទេស។ ជាមួយ​ការចូលរួម​លើស​ផែនការ​នេះ​ដែរ បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​តិចតួច ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ក្មេងខ្ចី តែ​យ៉ាងណា​សហព័ន្ធ​បាន​ប្ដេជ្ញា​នឹង​រៀបចំ​ផែនការ​ថ្មី​មួយទៀត ដើម្បី​ជំរុញ​ការរៀបចំ​ឲ្យ​ទទួល​បាន​ជោគជ័យ។​ បន្ថែម​លើ​នេះ​ឯកឧត្ដម ស សុខា បាន​ចាត់​ទុក​នេះ​គឺជា​ជោគជ័យ និង​គួរ​ឲ្យ​មាន​មោទនភាព​បំផុត ដែល​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោកបាន​ជឿជាក់ និង​ផ្ដល់​សេចក្ដីទុកចិត្តចំពោះ​ប្រទេស​កម្ពុជា ទោះបី​កម្ពុជាទើប​ទទួល​បាន​សិទ្ធ​រៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក​លើកដំបូង។

មិនតែប៉ុណ្ណោះ​តាមរយៈ​ការ​ការប្រកួត​នេះក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ។​ គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី​លើក​ទី​១៧ នៅ​កម្ពុជា គ្រោង​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​មាន​កីឡាករ​-​កីឡា​ការិនី​សរុប​ជិត ៤០០​នាក់​ចូលរួម។ អ្វី​ដែល​ពិសេសបន្ទាប់ពី​ការប្រកួត​នេះ ១​សប្ដាហ៍ កម្ពុជា​នឹង​មាន​ភារកិច្ច​ដ៏​សំខាន់​មួយទៀត គឺ​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន៕

អត្ថបទ៖ លី ឈុន​ឡា