កម្ពុជា​-​ថៃ នឹងមាន​ជើងហោះហើរ​ត្រង់ សៀមរាប​-​នគររាជ​សីមា ​នាពេលខាងមុខ

139

ភ្នំពេញ ៖ ​នៅក្នុង​ពិធី​ចុះហត្ថលេខា MOU ស្តីពី​ទំនាក់ទំនង​ពង្រឹង​វិស័យ​ទេសចរណ៍ រវាង​ក្លឹប​សមាគម​ប្រតិប​ត្តិ​ករ​ទេសចរណ៍​សៀមរាប ​ជាមួយ សភាពាណិជ្ជកម្ម​ខេត្ត​នគររាជ​សីមា​ ខាង​ភាគី​ថៃ​ឲ្យ​ដឹងថា ​ថៃ​នឹង​បង្កើត​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ ( ខេត្ត​នគររាជ​សីមា​-​សៀមរាប ) ​( សៀមរាប​-​នគររាជ​សីមា ) ហើយ​ភាគី​ថៃ​ បាន​បង្ហាញ​នូវ​ការរំពឹងទុក​ថា​ ព័ត៌មាន​ល្អ​ នឹង​បញ្ចេញ​ឲ្យ​ដឹង​ក្នុងអំឡុង​ខែ​មិនា ឆ្នាំ​២០២០ ខាងមុខ ។

នៅក្នុង​ដំណើរ​ទស្សនាចរណ៍​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ជាពិសេស​សក្តានុពល​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​នៃ​ខេត្តសៀមរាប ​ដែល​រៀបចំឡើង​ដោយ​ក្លឹប​សមាគម ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ជាមួយ​នឹង​ការបង្ហាញ​ដំណើរ​ទស្សនាចរណ៍​ដោយ​រថយន្ត​ផ្ទាល់ខ្លួន ​ក្រោម​ការ​ជំរុញ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​ និង​អាជ្ញាធរ​ខេត្តសៀមរាប​ ទៅកាន់​ខេត្ត​ចំនួន​៣ នៃ​ប្រទេស​ថៃ ​ដែល​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​នោះ​ នៅ​យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ខេត្ត​នគររាជ​សីមា​ មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ( MOU ) រវាង​ក្លឹប​សមាគម​ទេសចរណ៍​សៀមរាប តំណាង​ដោយ​លោក​ប្រធាន ( ហ្វី​លី​ប កៅ ) ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​នគររាជ​សីមា​ តំណាង​ដោយ​លោក​ប្រធាន ​( ChaChavan Wongjorn ) ស្តីពី​កិច្ច​ទំនាក់ទំនង​ពង្រឹង​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ទាំង​២​ ក្រោម​វត្តមាន​របស់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង លោកស្រី Piyachat Insawang អភិបាលរង ខេត្ត​នគររាជ​សីមា ។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន លោក ChaChavan Wongjorn បាន​វាយតម្លៃថា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត ​ហើយ​តាមរយៈ​នៃ​ការឆ្លើយតប​ចំពោះ​ការចុះហត្ថលេខា​លើ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ជាមួយនឹង​ការ​គិតគូរ​អំពី​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ទាំង​២​ផងដែរ​ លោក​បានគិត​គ្រោង​រួចហើយ ថា ​នឹងត្រូវ​រៀបចំ​ប្រតិភូ​នៃ​ក្រុម​ប្រតិបត្តិ​ករ​ទេសចរ ទៅ​ទស្សនា​អង្គរវត្ត ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ ​នៅក្នុង​អំឡុង​ខែ​វិច្ឆិកា ឬ ខែធ្នូ​ខាងមុខ ដោយ​ក្បួន​រថយន្ត​ផ្ទាល់ខ្លួន ។ លោក​ បន្ត​ឲ្យ​ដឹងថា​ ក៏​ជា​គម្រោង​ថ្មី​មួយទៀត លោក​នឹង​ជម្រុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់ ​នគររាជ​សីមា​-​សៀមរាប សៀមរាប​-​នគររាជ​សីមា ​ដើម្បី​ពន្លឿន​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ទាំង​២ ​ឲ្យ​កាន់តែ​ប្រសើរឡើង​ ហើយ​លោក​ក៏បាន​បង្ហាញ​នូវ​ការ​ រំពឹងទុក​ដែរ​ថា ដំណឹង​ល្អ​នឹង​លេចចេញ​នៅក្នុង​អំឡុង​ខែ​មិនា ឆ្នាំ​២០២០ ខាងមុខនេះ ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ដំណើរ​ទស្សនា​ចរណ៍​ផ្សព្វផ្សាយ​នេះ មិន​ត្រឹមតែ​បាន​ស្វែងយល់ អំពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ នៅតាម​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បង្កើន​ចំណងមិត្តភាព​ជា​អ្នកជិតខាង​ល្អ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ព្រះរាជាណាចក្រ​ថៃ ផងដែរ​ ។ ​ឯកឧត្តម​ បញ្ជាក់​ថា ការ​ជម្រុញ​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់ នគររាជ​សីមា​-​សៀមរាប សៀមរាប​-​នគររាជ​សីមា គឺ​ពិតជា​ប្រសើរ​ខ្លាំង​ណាស់ សម្រាប់​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ទាំង​២ ​កាន់តែ​រឹងមាំ រីកចម្រើន ។

ឯកឧត្តម លើកឡើង​ដែរ​ថា ​ ៨​ខែ ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង ​៤​លាន ៣​សែន​នាក់ ក្នុងនេះ ​ភ្ញៀវ​ថៃ​ស្ថិតក្នុង​លំដាប់​លេខ​៤ ហើយ​វា​កាន់តែ​ប្រសើរ​ជាង​នេះ សម្រាប់​កំណើន​ភ្ញៀវ​ទេសចរ​ថៃ​ចូល​ទស្សនា​កម្ពុជា ​ពិសេស​គោលដៅ អង្គរ​-​សៀមរាប ៕