អ្នក​ជំនាញ​ថា កម្ពុជា​គួរ​ពង្រឹង​ការអភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស​ដល់​យុវជន​នៅ​កម្ពុជា​

277

ភ្នំពេញ៖ ​អ្នក​ជំនាញ​បច្ចេកទេស​ បាន​ចាត់ទុក​ថា ប្រទេស​កម្ពុជា​គួរ​ពង្រឹង​ការអភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស​ដល់​យុវជន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងស្រុក​។​

លោក William Chong ជា​ម្ចាស់​Champion និង​អ្នក​ជំនាញ​បច្ចេកទេស​មកពី​ប្រទេស​ជប៉ុន ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​នេះ​ថា ជំនាញ​បច្ចេកទេស​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ហើយ​ដំណើរ​ទស្សនកិច្ច​នៅ​សាលា​បច្ចេកទេស JVC នេះ​ចង់​មើល​ពី​ការអភិវឌ្ឍន៍​វិស័យ​បច្ចេកទេស​ឧស្សាហកម្ម​នៅ​កម្ពុជា ហើយ​បើសិនជា​អាច​ផលិត​បាន​ធនធាន​មនុស្ស​បច្ចេកទេស​ច្រើន​នឹង​ល្អ​ប្រសើរ​ថែមទៀត​។​

លោក​បាន​ថ្លែង​ទៀត​ថា នៅ​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ទៀត​ប្រទេស​កម្ពុជា​ជាពិសេស​ជំនាញ​បច្ចេកទេស ឧស្សាហកម្ម នឹង​ល្អ​ប្រសើរ​មានការ​រីកចម្រើន​ដូច​បណ្តា ប្រទេស​ជឿនលឿន ហើយ​ប្រទេស​រីកចម្រើន​គឺ​ត្រូវការ​អ្នក​ជំនាញ​បច្ចេកទេស​ច្រើន​ក្នុង​ឧស្សាហកម្ម​។​

លើស​ពីនេះ ​លោក​បញ្ជាក់​ថា អ្វីដែល​លោក​បានឃើញ​ប្រទេស​នីមួយៗ​បាន​បញ្ជូន​និស្សិត​របស់ខ្លួន​ទៅ​សិក្សា​ជំនាញ​នៅក្រៅ​ប្រទេស ហើយ​ពេល​ត្រឡប់មក​ប្រទេស​កំណើត​វិញ នឹង​មក​អភិវឌ្ឍន៍​ឲ្យ​រីកចម្រើន​ជឿនលឿន​ផងដែរ​។​

សម្រាប់ លោក ស្រី អាំ វាសនា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SPEED MASTER នាំចូល​ប្រេងម៉ាស៊ីន​មកពី​ប្រទេស​ជប៉ុន​បាន​លើកឡើងថា កន្លងទៅ​ក្រុមហ៊ុន SPEED MASTER ក៏ដូចជា​ក្រុមហ៊ុន​ដទៃ​ទៀត​ប្រឈមមុខ​នឹង​កង្វះ​ពលកម្ម​ជំនាញ ដើម្បី​បំពេញ​តាម​តម្រូវការ​តាម​ទីផ្សារ​ការងារ​ផងដែរ​។​

លោកស្រី​បាន​ថ្លែង​ទៀត​ថា បច្ចុប្បន្ន​ការ​បណ្តុះបណ្តាល​ជំនាញ​យានយន្ត​កំពុង​តែមាន​តម្រូវការ​ច្រើន​ហើយ​ទាំង​រដ្ឋ​និង​ឯកជន​ធ្វើយ៉ាងណា ផលិត​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ឲ្យ​បាន​ច្រើន​ដើម្បី​អាច​បំពេញ​តាម​តម្រូវការ​ទីផ្សារ​។​

សម្រាប់​ក្រុមហ៊ុន​ខាងលើ​បន្ថែមថា នៅពេលដែល​ជំនាញ​បច្ចេកទេស​នៅក្នុង​ស្រុក​មាន​កាន់តែច្រើន​មិនចាំបាច់​ជួល​អ្នកជំនាញ​ពី​ក្រៅប្រទេស​នោះទេ ហើយ​ធ្វើ​យ៉ាង​អភិវឌ្ឍន៍​ឲ្យ​រីកចម្រើន​ដូច​ប្រទេស​នៅក្នុង​តំបន់​និង​ពិភពលោក​។​

​​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០២៥ ដែល​គោលនយោបាយ​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ហើយ​គោលដៅ​រាជរដ្ឋាភិបាល​នឹង​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ប្រទេស​អភិវឌ្ឍន៍​ឆ្នាំ​២០៥០​។​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការផលិត​ពលកម្ម​ជំនាញ ដើម្បី​គាំទ្រ​គោលនយោបាយ​ឧស្សាហកម្ម​ហើយ​បច្ចុប្បន្ន​នេះ ក្រសួង​ការងារ​បាន​ដាក់​ចេញ​គោលនយោបាយ​គាំទ្រ​ចំនួន​ពីរ​សម្រាប់​ទាក់ទាញ​និង​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​៕​