គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ជិត​៧០០​នាក់ ចុះ​ពិនិត្យ ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រុង​បាវិត

151

ស្វាយរៀង ៖ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៦២៧​នាក់​ ព្រឹក​ថ្ងៃទី​២៧ តុលា ២០១៩ បន្ត​ចុះ​លើកកម្ពស់​សុខភាព ​និង​ពិនិត្យ​ព្យាបាល​ជំងឺ ចែក​អំណោយ​ថ្នាំពេទ្យ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​និង​ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦៧៨៩ ​នាក់ (​ប្រាំមួយ​ពាន់ ប្រាំពីរ​រយ ​ប៉ែតសិប ប្រាំបួន នាក់ ) នៅ​វិទ្យាល័យ​ជី​ភូ ភូមិ​កំពោ​ត​ប្រស់ ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ​ខេត្តស្វាយរៀង​។

ក្នុងឱកាស​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដឹកនាំ​ដោយ ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា​ ការចុះពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ​ស្តែង​ចេញពី​សេចក្តី​ស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែមួយ អនាគត​តែមួយ ពោលគឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ​ឬ​ និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ​របស់​ប្រជាពលរដ្ឋ​មួយ​ចំណែក​ផងដែរ​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាព​ជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។​ ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន ​ជំងឺ​ទូទៅ ជំងឺផ្លូវចិត្ត ​ជំងឺ​ទូទៅ​ផ្នែក​កុមារ ​ជំងឺ​រោគ​ស្ត្រី ​ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ​ជំងឺ​ប្រដាប់​រំលាយ​អាហារ ​ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង​ ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ​ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ​លើសឈាម ជំងឺ​ត្រចៀក ច្រមុះ​ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម​ វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​ និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​(​វិភាគឈាម​) ​វះកាត់​តូច និង​ព្យាបាល​របួស​។

ជាមួយគ្នា​នោះដែរ ក្រុម​វេជ្ជបណ្ឌិត ជំនាញ​ខាង​ផ្នែក​វៈ​កាត់​តូច ប្រព័ន្ធ​ប្រសាទ និង​ម​នី្ទ​រ​ពិសោធន៍ បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​-​ខេត្ត ​ដើម្បី​ឲ្យ​ជីវិត​រស់នៅ​ទទួល​មាន​សុខ​ភាពល្អ​។

ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម សេង សីលា អភិបាលរង​ខេត្តស្វាយរៀង ​បាន​ថ្លែង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​បាវិត មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ ​ចំពោះ​សកម្មភាព​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​ដែលមាន​ជំនាញ​ច្បាស់លាស់ ​បានមក​ពិនិត្យ​សុខភាព​ និង​ជួយ​ព្យាបាល​ជំងឺ ចែក​ថ្នាំ​ជូន​ដល់​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​។

សូមបញ្ជាក់​ផងដែរ​ថា សកម្ម​ភាពចុះ​ពិនិត្យ ព្យាបាល​ជំងឺ ​ទទួលបាន​ជំងឺ​សរុប​ទាំងអស់​ចំនួន​៦៧៨៩​នាក់ ស្រី្ត​ចំនួន​៣៤៧៦​នាក់ ក្នុងនោះ​ ជំងឺ​កុមារ​ចំនួន​២៧២​នាក់​, ជំងឺ​ស្រី្ត​ចំនួន​១៩០​នាក់​, ជំងឺផ្លូវចិត្ត​ចំនួន​១០២​នាក់​, ជំងឺ​ឬ​ស​ដូង​បាត​ចំនួន​៣០២​នាក់​, ជំងឺ​សន្លាក់ឆ្អឹង​ចំនួន​២០៧​នាក់​, ជំងឺ​រលាក​សួត​ចំនួន​១៧៤​នាក់​, ជំងឺ​ត្រចៀក ចម្រុះ បំពង់ក​ចំនួន​១៦៤​នាក់​, ជំងឺ​ទឹកនោមផ្អែម​ចំនួន​៥២៤​នាក់​, ជំងឺ​មាត់​ធ្មេញ​ចំនួន​១៣៦​នាក់​, អេកូ​សាស្ត្រ​ចំនួន​៨៩​នាក់​, ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយៈ ខ្យល់​ដង្ហើម​ចំនួន​៣២០​នាក់​, វាស់​ចង្វាក់បេះដូង​ចំនួន​៣៥​នាក់​, ផ្នែក​ប្រព័ន្ធ​ប្រសាទ ​និង​បំបាត់​ការឈឺ​ចុកចាប់​ចំនួន​៣២៧​នាក់​, ម​នី្ទ​រ​ពិសោធន៍​ វិភាគឈាម​ចំនួន​៥០១​នាក់​, ព្យាបាល​របួស និង​វៈ​កាត់​តូច​ចំនួន​៩២​នាក់ និង​ជំងឺ​ទូទៅ​ចំនួន​២៩៥៥​នាក់​ផងដែរ​៕