ភ្នាក់ងារ​បាល់ទាត់​នី​ហ្សេ​រី​យ៉ា​ម្នាក់​បង្ហាញ​កីឡាករ ៣​សាសន៍​ដើម្បី​ស្វាគមន៍​គ្រប់​ក្លឹប​នៅ​កម្ពុជា​

395

បាល់ទាត់៖ លោក​ Eselemo Fred ភ្នាក់ងារ​បាល់ទាត់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មួយ​រូប ​នៅ​កម្ពុជាបាន​បង្ហាញ​កីឡា​ករ​​បរទេស ៨​រូប​ដែល​មកពី ៣​ប្រទេស​ផ្សេងគ្នារួមមាន​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី និង​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ស្វាគមន៍​គ្រប់​ក្លឹប​សមាជិក​លី​គ​កំពូល​កម្ពុជា ដែល​មាន​បំណង​ចង់បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប ​នា​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០ ខាង​មុខ។

ការ​បង្ហាញ​កីឡាករ​ថ្មីៗ​នេះគឺ​ស្រប​ពេល​ក្រុម African All Stars បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ នៅ​លើ​ទីលាន​ឯកជន​មួយកាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​តុលា​ម្សិលមិញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់ KMH Super Cup 2019 ដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ថ្ងៃស្អែក ហើយ​ពួកគេ​ទាំងនោះក៏​នឹង​ចូល​រួម​បង្ហាញ​សមត្ថភាព​ផង​ដែរ។​ គ្រូ​បង្វឹក​ក្រុម African All Stars ដដែល​បាន​បញ្ជាក់​ថា ដោយ​មើល​ឃើញ​ភាព​រីកចម្រើន​នៃ​វិស័យ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន ទើប​លោក​ព្យាយាម​នាំ​យក​នូវ​កីឡាករ​បរទេស​ថ្មីៗ និង​មាន​សមត្ថភាពមក​ទីនេះ ដើម្បី​ជា​ផ្នែក​មួយក្នុង​ការ​ជំរុញ​ការអភិវឌ្ឍន៍ និង​ការប្រកួតប្រជែង​លើ​ទីលាន​ឲ្យ​កាន់​តែ​ខ្លាំង។ ដូច្នេះ​ឆ្នាំនេះ​លោក​បាន​ត្រៀម​កីឡាករ​ប្រមាណ ១៥​នាក់ដើម្បី​ចូល​លេង​តាម​ក្លឹប​នានា បើ​មានការ​ទាក់ទង​មក​រូបលោក។​

គួរ​ដឹង​ថា លោក Eselemo Fred បាន​ឈាន​ជើង​មក​ប្រកប​អាជីព​នៅ​កម្ពុជា​ដំបូង ក្នុងនាម​ជា​កីឡាករនៅ​ឆ្នាំ​២០១១ មុន​លោក​វិវត្តន៍​មក​ធ្វើជា​ភ្នាក់ងារ​បាល់ទាត់​វិញ ដែល​មកទល់​បច្ចុប្បន្ន​មាន​រយៈពេល ៨​ឆ្នាំ​ហើយ។ ប៉ុន្តែ​ក្រៅពី​ការងារ​សម្របសម្រួល​លើ​ទីផ្សារ​ដោះដូរ​កីឡាករ ពិសេស​កីឡា​ករ​នី​ហ្សេ​រី​យ៉ាលោក​ក៏បាន​ដឹកនាំ និង​ប្រមូលផ្ដុំ​ក្រុមចម្រុះ​ជាតិ​មួយ​នៅ​កម្ពុជាហៅថា​ ក្រុម African All Stars ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​ផ្សេងៗ និង​ចូលរួម​ប្រកួត​ពានរង្វាន់​ពាក់កណ្ដាល​អាជីព​ជាដើម ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ស្អែក​នេះពួកគេ​នឹង​ត្រូវ​ជួប​ក្រុម KW Khmer Real Estate ក្នុង​ជំ​នួន​បើកឆាក​ពានរង្វាន់ KMH Super Cup រដូវ​កាល​ថ្មី​ទៀត​ផង៕

អត្ថបទ៖ លី ឈុន​ឡា