ទ័ព​មួក​ខៀវ​កម្ពុជា ជាង​២០០​នាក់ នឹង​ចេញដំណើរ​ទៅ​អាហ្វ្រិក​កណ្តាល ​នៅ​ដើមខែ​វិច្ឆិកា​នេះ​

172

ភ្នំពេញ ​៖ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ កង​កំលាំង​ទ័ព​មួក​ខៀវ​កម្ពុជា ប្រមាណ​ជាង​២០០​នាក់ នឹង​ចេញ​ដំណើរ​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល ​ដើម្បី​បន្ត​សាងសង់​សំណង់​ផ្តេក សំណង់​បញ្ឈរ​ជាច្រើន នៅក្នុង​តំបន់​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព ឧ​ត្ត​ម​សេនីយ៍​ទោ កុសល ម៉ា​លីន​ដា បាន​ថ្លែងថា តាមរយៈ​ការបញ្ជូន​ទ័ព​មួក​ខៀវ​កម្ពុជា​ ទៅ​អា​ហ្វ្រឹ​ក​កណ្តាល​លើក​នេះ​ទៀត គឺ​បាន​ធ្វើអោយ​កម្ពុជា មាន​កងកំលាំង​ទ័ព​មួក​ខៀវ​ឡើង​ជាង​៦៥០០​នាក់ ក្នុងនោះ ​នារី​មាន​ជាង​៣៣០​នាក់ បាន​ទៅ​ចូលរួម​បំពេញបេសកកម្ម ថែរក្សា​សន្តិភាព​UN បាន​ចំនួន​៨​ប្រទេស រួមមាន​ ៖ ប្រទេស​ស៊ូដង់ ឆាដ ស៊ូដង់​ខាងត្បូង ស៊ី​រី សាយ​ប្រ៊ូ​ស លី​បង់ អា​ហ្វ្រឹ​ក​កណ្តាល​ និង​ប្រទេស​ម៉ាលី​។

ឧ​ត្ត​ម​សេនីយ៍ទោ បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មាន​ទ័ព​មួក​ខៀវ​កម្ពុជា ប្រមាណ​ជិត ៨០០​នាក់ ក្នុងនោះ​ នារី​មាន​ចំនួន​៦៥​នាក់ បាន​កំពុង​ឈរជើង​បំពេញបេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​៥ រួមមាន​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អា​ហ្វ្រឹ​ក​កណ្តាល ​និង​ប្រទេស​ម៉ាលី ហើយ​ឆ្លើយតប​ទៅនឹង​សំណើរ​របស់​អង្គការសហប្រជាជាតិ នៅ​កម្ពុជា បាន​កំពុង​ប្តេជ្ញា​ចិត្ត​បង្កើន​ចំនួន​ទ័ព​មួក​ខៀវ​ជានា​រី អោយ​បាន​២០% ដើម្បី​ចូលរួម​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នេះ​។

តាម​បញ្ជាក់បន្ថែម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កំលាំង​ថែរក្សា​សន្តិភាព បានអោយដឹងថា តាមរយៈ​តួលេខ​ថ្មី​នៃ​ការ​បញ្ជូន​ទ័ព​មួក​ខៀវ​ចូលរួម​បំពេញ បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​UN នេះ គឺ​បាន​រុញប្រាណ ​​អោយ​ប្រទេស​កម្ពុជា​យើង ឡើង​ មកឈរ​នៅ​លំដាប់ថ្នាក់​ទី​២៦ ហើយ​ការ​បញ្ជូន​កង​លាំង​នា​ជានា​រី គឺ​ស្ថិតក្នុង​លំដាប់ថ្នាក់​លេខ​២១ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១២២​ប្រទេស​ជា​សមាជិក​របស់​UN ​ហើយ​បើ​គិត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន គឺ​កម្ពុជា ស្ថិតក្នុង​លំដាប់ថ្នាក់​លេខ​២ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី ៕