Roger Federer ដក​ខ្លួន​ចេញ​ពី Paris Masters​ ត្រៀម​ខ្លួន ATP Finals នៅ​ទីក្រុង​ឡុង​ដ៍​

176

វាយ​កូន​បាល់៖ ​កីឡាករ​ស្វ៊ី​ស Roger Federer បាន​សំរេច​ចិត្ត​ដក​ខ្លួន​ចេញពី​ព្រឹត្តិការណ៍ Paris Masters ដែល​ចាប់ផ្ដើម​សប្ដាហ៍​នេះ ក្នុង​ហេតុផល​សម្រាក​ត្រៀមខ្លួន​សំរាប់​ព្រឹត្តិការណ៍​ចុងក្រោយ​របស់ ATP Tour គឺ​កម្មវិធី ATP Finals នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។

​​កីឡាករ​វ័យ ៣៨​ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល ២២​រដូវ​កាល​ហើយ​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ ATP Tour និង​បាន​គ្រង​ជើងឯក​ចុងក្រោយ​ជា​កំណត់ត្រា ​នៅ​ទឹកដី​របស់​ខ្លួន​កម្មវិធី Swiss Indoor លើក​ទី​១០ ចុង​សប្ដាហ៍​កន្លងទៅ​។ ​កីឡាករ​លំដាប់​លេខ​៣ ពិភពលោក​រូប​នេះ​ មាន​កៅអី​រួចជាស្រេច​ហើយ​ក្នុង​កម្មវិធី ATP Finals ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ខាងមុខនេះ​នៅ​កីឡដ្ឋាន O2 Arena​។ ​កីឡាករ​ផ្សេងទៀត​ដែល​ធានា​បាន​កៅអី​ទាំង ៨ ក្នុង​ការ​ប្រកួត​នេះ​រួមមាន Novak Djokovic, Rafael Nadal, Daniil Medvedev, Dominic Thiem​ និង Stefanos Tsitsipas​ ខណៈ​កម្មវិធី Paris Masters សប្ដាហ៍​នេះ​នឹង​សំរេច​រក​បាន ២​នាក់​ទៀត​បំពេញ​កៅអី ៨​នាក់​ក្នុង​ការប្រកួត​ដែល​ចែកចេញជា​ ២ពូ​ល​៕

អត្ថបទ​៖​នាង សុភា​វុ​ធ