វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​រៀបចំ​វេទិកា​សន្ទនា​ ដើម្បី​ពង្រឹង​កិច្ចសហការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​រាជរដ្ឋាភិបាល

95

ភ្នំពេញ ៖ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ បានរៀបចំ​វេទិកា​សន្ទនា​ជាមួយ​សង្គម​ស៊ីវិល ​ដោយ​ក្នុង​នោះ​រួមមាន បណ្ដា​អង្គការ ​សមាគម ​សហជីព​ និង​សហគមន៍​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី ៣០ ខែតុលា​ ឆ្នាំ ២០១៩​នេះ ក្រោម​ប្រធានបទ​ “​ការពង្រឹង​កិច្ចសហការ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល​សំដៅ​សម្រេច​ បាន​ក្របខ័ណ្ឌ ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​” ។

តាមរយៈ​ការរៀបចំ​វេទិកា​សន្ទនា​នេះ ឯកឧត្តម កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ​បាន​លើក​ឡើងថា ​វា​ជា​វេទិកា​សំខាន់​សម្រាប់​ការ​ពង្រឹង​កិច្ចសហការ​រវាង​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង​បណ្ដា​សង្គម​ស៊ីវិល ក្នុង​គោលដៅ​រួម​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​។ ជាក់ស្ដែង​វេទិកា សន្ទនា​នេះ​ផ្ទាល់ មានការ​បញ្ជាក់​ពី​កាតព្វកិច្ច ​និង​កិច្ចការ​ផ្លូវច្បាប់​នានា​ដែល​សង្គម​ស៊ីវិល​ត្រូវ​គោរព​តាម​ក្នុង​ពេល​បំពេញ​សកម្មភាព ហើយ​ម្យ៉ាងវិញទៀត ក៏​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល លើក​ឡើងជា​សំណូមពរ​ រួមទាំង ​បញ្ហា​ប្រឈម​ ដើម្បី​ទទួល​បាន​ការ​ដោះស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។

ឯកឧត្តម កឹម​រ័ត្ន វិសិដ្ឋ លើកឡើង​ផងដែរ​ថា បណ្ដា​សង្គម​ស៊ីវិល​គឺជា​សសរស្តម្ភ​ក្នុង​ការ​រួមចំណែក និង​បំពេញ​បន្ថែម ដើម្បី​អភិវឌ្ឍ​សង្គមជាតិ​កម្ពុជា​ និង​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន​។ តែ​យ៉ាង​ណាក្ដី សង្គម​ស៊ីវិល ក៏​ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់​របស់​កម្ពុជា មិ​នត្រូវ​ដើរ​ហួស​ដែន​កំណត់​នោះទេ ព្រោះថា សង្គម​ស៊ីវិល ដើរតួ​ក្នុង​ការ​រួមចំណែក ពុំមែន​មក​ជំនួស​រដ្ឋាភិបាល​នោះទេ​។

ជុំវិញ​ការរួមចំណែក​របស់ សង្គម​ស៊ីវិល​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ ចីរភាព ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ បញ្ជាក់​ដែរថា ​រាល់​បណ្ដា​សង្គម​ស៊ីវិល​មាន​តួនាទី និង​ការទទួលខុសត្រូវ​ផ្សេងគ្នា​ ក្នុងការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ ២០៣០​។ ឯកឧត្តម​ លើកឡើងថា ​បណ្ដា​សង្គម​ស៊ីវិល អាចរួម​​ចំណែក​ដោយ ទទួលខុសត្រូវ​លើ​កិច្ច​នានា​ដែល​ទាក់ទង​សកម្មភាព​របស់ខ្លួន ​ស្រប​ពេលដែល គោល​ដៅ​អភិវឌ្ឍ ដោយ​ចីរភាព​មាន​ចំនួន ១៨ ចំណុច​ដៅ​ចំនួន ៨៨ និង​មាន​សូចនាករ​ចំនួន ១៤៨​។

ទន្ទឹម​នឹង​ការរួមចំណែក​យ៉ាងសំខាន់​របស់​សង្គម​ស៊ីវិល​នេះ​ផ្ទាល់ ​លោក ឆែម រដ្ឋ មន្ត្រី​បណ្ដុះ​បណ្ដាល​ច្បាប់ នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​កម្ពុជា បញ្ជាក់ដែរថា ​សង្គម​ស៊ីវិល​ត្រូវ​យល់ដឹង​ច្បាស់​ពី​កាតព្វកិច្ច​របស់ខ្លួន ​ជាពិសេស​ មិនត្រូវ​ពាក់ព័ន្ធ​ជាមួយ​រឿង នយោបាយ​នោះទេ​៕