ក្រុម​រដ្ឋ​អ៊ីស្លាម​តែងតាំង​អ្នក​ស្នង​តំណែង​ពី ​Abu Bakr al-Baghdadi ដោយ​ប្ដេជ្ញា​សងសឹក​អាមេរិក​

943
មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi

ស៊ីរី៖ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បញ្ជាក់​ពី​ការ​ស្លាប់ ​របស់​មេដឹកនាំ​របស់​ខ្លួន Abu Bakr al-Baghdadi កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ និង​បាន​តែង​តាំង​អ្នក​ជំនួស​របស់​ខ្លួន​គឺ​លោក​ Abu Ibrahim al-Hashimi al-Quraishi ខណៈ​ខ្លួន​ប្ដេជ្ញា​សងសឹក​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ ចំពោះ​ការ​សម្លាប់​នេះ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សំឡេង​មួយ​លោក Abu Hamza al-Quraishi ដែល​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​នាំ​ពាក្យ​ថ្មី ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​បាន​និយាយ​ថា​ យើង​សោកស្ដាយ​អ្នក​ណាស់ មេបញ្ជាការ​ដ៏​ស្មោះត្រង់​។​ Baghdadi ដែល​បាន​ដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​តាំងពី​ឆ្នាំ​២០១៤ និង​ជា​មនុស្ស​ដែល​ពិភព​លោក​កំពុង​រក​មុខ​ខ្លាំង​គេ​ជា​បំផុត​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​ខេត្ត​អ៊ី​ដ​លី​បភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​។​

ក្រុម​មន្ត្រី​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ សាកសព​របស់​ Baghdadi ត្រូវ​បាន​គេ​កប់​នៅ​សមុទ្រ​។ ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏បាន​បញ្ជាក់​ពី​ការ​សម្លាប់​នេះ​ដែរ នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​បន្ទាប់ ​របស់​អ្នកនាំពាក្យ​មុន​របស់​ក្រុម​នេះ​គឺលោក Abul-Hasan al-Muhajir សេចក្ដី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា ​គណៈកម្មការ​ច្បាប់ និង​ពិគ្រោះ​យោបល់​របស់​រដ្ឋ​អ៊ីស្លាម​បាន​កោះ​ប្រជុំ​ បន្ទាប់ពី​ការ​ស្លាប់​របស់​មេដឹកនាំ​ជនជាតិ​អ៊ីរ៉ាក់​អាយុ ៤៨​ឆ្នាំ​រូប​នេះ៕

អត្ថបទ៖ សុខ​មាន