ក្រសួងបរិស្ថាន​ នឹង​ផាកពិន័យ​តឹងរឹង​បំផុត​ចំពោះ​កា​របញ្ចេញ​កាកសំណល់​ទាំងឡាយណា​បំពុល​​បរិស្ថាន

201

ភ្នំពេញ ៖ ​ជា​វិធានការ​តឹងរឹង​ក្នុងការ​គ្រប់គ្រង​បញ្ហា​កាកសំណល់ ​និង​ដើម្បី​បរិស្ថាន​ស្អាត​សម្រាប់​កម្ពុជា​ ទាំងមូល ក្រសួងបរិស្ថាន​ បានប្រកាស​ជំហរ​ថា​ នឹងធ្វើ​ការ​ផាកពិន័យ​យ៉ាង​តឹងរឹង​បំផុត ដោយ​ពុំមាន​ការលើកលែង​នោះទេ ​រាល់​ជន​ណា រឺ​ក្រុមហ៊ុន​ សហគ្រាស​ដែល ​បោះចោល​សំរាម រឺ​បញ្ចេញ​កាកសំណល់​គ្រប់​ប្រភេទ ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​។

ក្នុងឱកាស​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩២០២០ ​របស់​ក្រសួងបរិស្ថាន​ នា​ព្រឹក​ថ្ងៃទី ៤​ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ ក្រសួងបរិស្ថាន​ បាន​បញ្ជាក់​ពី​គោលជំហរ ​ពង្រឹង​ផ្លូវច្បាប់​ធ្វើការ​ផាក​ពិន័យ​ដោយ​គ្មាន​ការលើកលែង​នោះទេ​ ចំពោះ​ការ​បោះ​ចោល​សំរាម​ រឺ​បញ្ចេញ​កាកសំណល់​ប៉ះពាល់​ដល់​បរិស្ថាន​។

ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ​កន្លងមក​ការ​ផាកពិន័យ​ចំពោះ​ការ​ចោល​សំរាម និង​បញ្ចេញ​កាកសំណល់ ​មានការ​យោគយល់​ខ្លះ​ ដោយសារ​ក្រសួង​ដឹងថា ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ផ្សព្វផ្សាយ​ និង​អប់រំ​។ ឯកឧត្តម​ បន្តថា ​ចាប់ពីពេលនេះ​ទៅ ក្រសួងបរិស្ថាន​ និង​ចាប់ផ្ដើម ​អនុវត្ត​តឹងរឹង​បំផុត​ពុំ​មាន​ការលើកលែង​នោះទេ ​ស្រប​ពេលដែល​បញ្ហា​សំរាម​នៅ​កម្ពុជា កំពុង​មាន​ការកើនឡើង​។ ជាក់ស្ដែង​សម្រាប់​ឆ្នាំ ២០១៩​នេះ ​ទិន្នន័យ​សំរាម​ចាក់​នៅ​ទីលាន​មាន​ចំនួន ១,៩៥​លាន​តោន ស្មើនឹង​កំណើន ១៣,% ធៀប​នឹង​ឆ្នាំ ២០១៨​។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា​ក្រសួងបរិស្ថាន រួម​ទាំង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច ​នឹងធ្វើ​ការរួម​គ្នា លើ​ការងារ​មួយ​នេះ ដើម្បី​ភាព​ស្អាត​របស់​កម្ពុជា​។ ឯកឧត្តម ​បន្តថា ​តាមច្បាប់​ការបោះ​ចោល​សំរាម នឹងត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ពី​១​ម៉ឺន​រៀល​ ទៅ​២​ម៉ឺន​រៀល​ រីឯ​ការបញ្ចេញ​កាកសំណល់​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​បរិស្ថាន​ពី ក្រុមហ៊ុន ​សហគ្រាស ​នឹងត្រូវ​ផាកពិន័យ​រហូតដល់​១០​លាន​រៀល ហើយ​បើ​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​បន្ត​ប្រព្រឹត្តិ​ខុស​ទៀត​ នោះ​ក្រសួង​នឹង​បន្ត​វិធានការ ​ដោយ​អាច​ពិនិត្យមើល ​លិខិតអនុញ្ញាត​ដំណើរការ​របស់​ក្រុមហ៊ុន​នោះ​។

ក្នុងឱកាស​ដដែល​នេះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ​បានលើកឡើង​ដែរ​ថា ការងារ​បរិស្ថាន​អាច​សម្រេចបាន​ជោគជ័យ​ទៅបាន ​លុះត្រា​តែមាន​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការចូលរួម​យ៉ាងសកម្ម ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​ ទាំង​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​សង្គម​ស៊ីវិល ​ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ​។

ទាក់ទង​នឹង​បញ្ហា​សំរាម​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​ក៏បាន​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន ​ស៊ិន​ទ្រី ក្នុងការ​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ ​មកឱ្យ​អង្គភាព​រដ្ឋ​គ្រប់គ្រង​ជា​បណ្តោះ​អាសន្ន​ផងដែរ​៕