កាលវិភាគ​ប្រកួត​ពាន Carabao Cup របស់ Liverpool មិន​ផ្លាស់ប្ដូរ​ទោះ​ជាន់​ជាមួយ FIFA Club World Cup

135

បាល់ទាត់៖ ​កាលវិភាគ​ប្រកួត​ពាន​រង្វាន់ Carabao Cup វគ្គ ៨ក្រុម​ចុងក្រោយ​របស់​ហ​ង្ស​ក្រហម Liverpool នឹង​មិន​មានការ​ប្រែប្រួល​ឡើយ ទោះបីជា​ជាន់​ជាមួយ​កាលវិភាគ​ប្រកួត​ពាន FIFA Club World Cup នៅ​ទឹកដី​កាតា​ក៏ដោយ​។

​​តាម​កាលវិភាគ Liverpool នឹង​ត្រូវ​ជួប​ជាមួយ Aston Villa នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ក្នុង​ពាន Carabao Cup រឺ EFL Cup នេះ ​ខណៈ​គ្រូ​បង្វឹក Liverpool លោក Jurgen Klopp​ បាន​និយាយ​ថា Liverpool ប្រហែល​មិន​អាច​លេង​ពាន Carabao Cup បាន​ឡើយ បើ​មិន​មាន​ការ​លើក​ពេល​ប្រកួត​។ ​យ៉ាង​ណាក្តី​ពិតជា​មិន​មាន​ការប្រែប្រួល​កាល​វិភាគ​មែន ហើយ Liverpool ត្រូវ​ប្រកួត​ទាំងពីរ​កម្មវិធី​ដដែល​។ ​ដំណោះ​ស្រាយ​គឺ Liverpool នឹង​ប្រើ​ប្រាស់​កីឡាករ​ជា​ពីរ​ក្រុម មួយ​ក្រុម​ប្រកួត​នៅ EFL Cup មួយ​ក្រុម​ទៀត​ចេញ​ទៅ​ប្រកួត​ពាន FIFA Club World Cup​។​ ​នៅ FIFA Club World Cup, Liverpool នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ