កម្ពុជា​សម្រេចបាន​លទ្ធ​ផល​ល្អជា​ច្រើន​លើ​ការងារ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​

805

ភ្នំពេញ៖ លោកជំទាវ ឃួន សុ​ដា​រី បាន​បញ្ជាក់​ប្រាប់​ប្រតិភូ​កូរ៉េ នា​ព្រឹក​ថ្ងៃទី​១៤​ ខែវិច្ឆិកា​ឆ្នាំ ២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ការងារ​ព្រំដែន​ជាច្រើន ជាមួយ​ប្រទេសជិតខាង​ដោយ​ឈរលើ​មូលដ្ឋាន គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​។​

ការ​លើកឡើង​ដូចនេះ ធ្វើឡើង​ខណៈពេល​លោក ជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ទទួល​ជួប សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ ឯកឧត្តម គីម ណា​ម ជុង (Kim Nam Jung) តំណាង​ក្រសួង​បង្រួបបង្រួម និង​តំណាង​ជាន់ខ្ពស់​នៃ​កិច្ចសន្ទនា​កូរ៉េ​ក្នុង​គោលបំណង​ធ្វើការ​ឈ្វេងយល់​អំពី​ការដោះស្រាយ​វិវាទ​ព្រំដែន​។​

លោកជំទាវ ឃួន សុ​ដា​រី​បាន​លើកឡើងថា រាជរដ្ឋាភិបាល សភា រួមទាំង​ប្រជាជន​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ក្នុង​សុ​ឆន្ទៈ ដើម្បី​សម្រេចបាន​សមិទ្ធផល​ដ៏​ធំធេង​អំពី​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី ដោយ​កាលពីពេល​ថ្មី​នេះៗ រដ្ឋសភា​បាន​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩ លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​។​

លោកជំទាវ បាន​គូសបញ្ជាក់​បន្ថែមថា សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០១៩ នេះ គឺជា​ឯកសារ​ផ្លូវច្បាប់​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុងការ​ទទួលយក​សមិទ្ធ​ផល​ដែល​ប្រទេស​ទាំងពីរ​សម្រេច​បានមក​ដល់​បច្ចុប្បន្ន​គឺមាន៨៤% ហើយក៏​ជា​ឯកសារ​គ្រឹះ​ការពារ​បាន​បូរណភាព​ទឹកដី​កម្ពុជា ដោយមាន​ខ្សែ​ព្រំដែន មិនឱ្យ​ប្រែប្រួល ថែរក្សា​បាន​នូវ​ព្រំដែន​សុខសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​តរៀង​ទៅ​។​

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោកជំទាវ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​សាធារណរដ្ឋ​កូរ៉េ​សម្រេច បាន​ក្នុង​ការកសាង​ជាតិ​រហូត​បានក្លាយ ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន ហើយ​បាន​ដើរតួនាទី​យ៉ាងសកម្ម នៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ។

លោកជំទាវ ក៏បាន​បង្ហាញ​ពី​ការអបអរសាទរ និង​គាំទ្រ​ចំពោះ​ទស្សនៈ​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ ដោយ​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើតឱ្យមាន​ក្រសួង​បង្រួបបង្រួម​ជាតិ ដែល​នេះ​សរ​បញ្ជាក់​ពី​ឆន្ទៈ​ក្នុងការ​បង្រួបបង្រួម​គ្នា ដើម្បី​រក្សា​សិ្ថ​រ​ភាព និង​សន្តិភាព​ក្នុង​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

ជាការ​ឆ្លើយតប ឯកឧត្តម គីម ណា​ម ជុង បាន​ជម្រាប​ជូន​លោកជំទាវ អំពី​ទស្សនៈ​នៃ​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ បើទោះជា​សាធារណរដ្ឋ​កូរ៉េ​មាន​ក្រសួង​បង្រួបបង្រួម​ក៏ដោយ ក៏​ផ្លូវ​ទៅរក​សម្រេចបាន​នូវ​ទស្សនៈ​នេះ​មានការ​លំបាក និង​ឧបសគ្គ ពុំ​ងាយស្រួល​នោះទេ គឺ​ទាមទារ​ពេលវេលា​យូរ និង​ការអត់ធ្មត់​ចរចារ​ជាច្រើន ប្រៀប​ដូចដែល​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កន្លងមក​។​

ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម គីម ណា​ម ជុង បាន​ថ្លែងអំណរគុណ លោកជំទាវ ឃួន សុ​ដា​រី ដែល​បាន​ចែករំលែក​នូវ​បទពិសោធន៍​ដ៏​ក្បោះក្បាយ​ស្តីពី​ការដោះស្រាយ​ការងារ​ព្រំដែន​។

ឯកឧត្តម បាន​បន្ថែមថា បើទោះបី​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​មាន​លក្ខណៈ​ខុសគ្នា​ពី​នៅ​កម្ពុជា​-​វៀតណាម តែ​ប្រជាជាតិ​ទាំងអស់​ប្រាថ្នា​បាន​សុខ​សន្តិភាព បង្រួបបង្រួម​គ្នា ដើម្បី​បន្ត​បង្កើន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព​ទាំង​ក្នុង​តំបន់ និង​ជាការ​រួមចំណែក​ដល់​សុខសន្តិភាព​ទូទាំង​សកលលោក​៕