អង្គការ​លើក​លែង​ទោស​អន្តរជាតិ​៖ មនុស្ស ១០៦នាក់​បាន​ស្លាប់​អំឡុង​​ពេល​តវ៉ា​​​ក្នុង​ប្រទេស​អ៊ីរ៉ង់​​​

629

អ៊ីរ៉ង់៖ អង្គការ​​លើក​លែង​ទោស​អន្តរជាតិ​​បាន​និយាយ​​​កាល​ពី​ថ្ងៃ​អង្គារ​​ ដោយ​ដក​ស្រង់​​​របាយការណ៍​​ជាក់​លាក់​គួរ​ឲ្យ​ទុក​​​ចិត្ត​ថា ​ការ​តវ៉ា​​ជា​ច្រើន​ថ្ងៃ​​ក្នុង​ប្រទេស​អ៊ីរ៉ង់​ជុំ​វិញ​ការ​​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ និង​ការ​​បង្ក្រាប​របស់​រដ្ឋាភិបាល​​ជា​បន្ត​បន្ទាប់ ​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១០៦នាក់​នៅ​ទូ​ទាំង​​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ។

លោក​ស្រី រ៉ាហាបេ រ៉េនី អ្នក​ស្រាវ​ជ្រាវ​​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​​នៅ​អ៊ីរ៉ង់​ ​បាន​ប្រាប់​ភ្នាក់ងារ​​ព័ត៌មាន AP ថា ​យើង​ជឿ​ថា ចំនួន​ពិត​​ប្រាកដ​​អាច​មាន​ច្រើន​ជាង​នេះ ដោយ​សារ​បច្ចុប្បន្ន​​ការ​ផ្តល់​​ព័ត៌មាន​​តាម​អ៊ីនធឺណេត​ស្ទើរ​មិន​ទាំង​ស្រុង ហើយ​មនុស្ស​​ជា​ច្រើន​មិន​អាច​ទាក់​ទង​ព័ត៌មាន​បាន​ អំពី​ការ​បាត់​បង់​ជីវិត​​មនុស្ស​ជា​ទី​ស្រលាញ់​​របស់​ខ្លួន។ ​លោក​ស្រី​​ រ៉េនី បាន​និយាយ​ថា ​របាយការណ៍​​នេះ​ផ្អែក​លើ​​របាយការណ៍​​​គណនី​សាក្សី, រូប​ភាព​​ក្នុង​វីដេអូ និង​ការ​ធ្វើ​​បទ​សម្ភាសន៍​ជាមួយ​ក្រុម​សកម្ម​ជន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ក៏​ដូច​ជា​​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ភ្នាក់ងារ​​យក​ព័ត៌មាន​​នានា ដែល​មាន​មូលដ្ឋាន​​នៅ​តាម​កន្លែង​​ផ្សេង​ៗ​ ដោយ​មាន​ការ​​ទាក់ទង​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ​លោក​ស្រី​​បាន​បន្ថែម​ថា ​រូប​ភាព​​បង្ហាញ​​ពី​កង​កម្លាំង​​សន្តិសុខ​ ​ដែល​ប្រើប្រាស់​​​គ្រាប់​កាំភ្លើង​​ពិត, ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និងប្រើ​​កាណុង​​បាញ់​ទឹក​​ដើម្បី​បំបែក​​ក្រុម​អ្នក​តវ៉ា​ហិង្សា៕​​​

អត្ថបទ៖ រិទ្ធី