សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

256

ភ្នំពេញ ៖ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Syed Yusurf Raza Gilani អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​

ឯកឧត្តម ​ កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម្ដេច​តេ​ជោ បាន​អរគុណឯកឧត្តម ​ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នេះ ហើយ​ជាពិសេស ​កម្ពុជា​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ឯកឧត្តម ។

ឯកឧត្តម អតីត​នាយករដ្ឋមន្ត្រី បាន​ជម្រាប​សម្ដេច​ថា ឯកឧត្តម ​ពិតជា​អរគុណ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម ​ និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​បាន​អញ្ជើញ​ឯកឧត្តម គណៈប្រតិភូ​របស់​ឯកឧត្តម ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​នេះ ឯកឧត្តម ​ចាត់ទុកថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ នៅ​ប្រទេស​កម្ពុជា​ ទទួលបាន​លទ្ធផល​ជោគជ័យ​ដ៏​ត្រចះត្រចង់ ហើយ​ក៏បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា ។

ឯកឧត្តម បាន​គូសបញ្ជាក់ថា វត្តមាន​របស់​ឯកឧត្តម បាន​ចូលរួមចំណែក​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ប៉ា​គី​ស្ថាន និង​កម្ពុជា ។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់ថា ​ការជោគជ័យ​នៃ​កិច្ចប្រជុំ​នេះ គឺជា​ជោគជ័យ​រួម​របស់​យើងទាំងអស់គ្នា​ ហើយ​អ្វីដែល​សំខាន់​នេះ គឺ​យើង​នឹង​ប្រែក្លាយ​វេទិកា​នេះ​ ឲ្យ​ទៅជា​វេទិកា​នៃ​កិច្ច​សន្ទនា និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម ។

សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​ថា ​សម្ដេច បាន​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក លើកដំបូង ​នៅ​ប្រទេស​នេ​ប៉ាល់ ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅនេះ ​ហើយ​កិច្ចប្រជុំ​នៅ​ប្រទេស​កម្ពុជា ជា​លើក​ទី​២ និង​កិច្ចប្រជុំ​នៅ​ឆ្នាំក្រោយ គ្រោង​ធ្វើ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ​នៅ​ឆ្នាំ​២០២០ ដែលជា​លើក​ទី​៣ ។

សម្ដេច​ បាន​គួរបញ្ជាក់​ផងដែរ​ថា ​នៅ​ឆ្នាំនេះ លើក​នេះ កិច្ចប្រជុំ​នៅ​ប្រទេស​កម្ពុជា​នេះ គឺមាន​អ្នកចូលរួម​យ៉ាង​ច្រើន​ពី​បណ្ដា​ប្រទេស​ជាច្រើន​ ហើយ​កម្រិត​ដែល​អ្នកចូលរួម ​គឺ​កម្រិត​ថ្នាក់ខ្ពស់​ទៀត ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ ទទួលបាន ​ជោគជ័យ ហើយ​ប្រែក្លាយ​យន្តការ​នេះ កាន់​តែមាន​សារៈសំខាន់ ។

សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន ដែល​យើង​បានធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកហើយ ​ហើយ​ស​ម្ដេចក៏​ធ្លាប់​ជួប​ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី ​នៅពេល​ឯកឧត្តម នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ប៉ា​គី​ស្ថាន​នេះ ​ហើយ​កិច្ច​សហ​ប្រតិ​ប​ត្តិការរួម​រវាង​ប្រទេស​ទាំងពីរ ក៏​នៅមាន​ជា​បន្តបន្ទាប់​ទៀត ។

លើសពីនេះ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្លាស់ប្ដូរ​មតិ​ជាមួយ​ឯកឧត្តម ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ផងដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ជាពិសេស ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​យើង​ទាំងពីរ អាច​សហការគ្នា​បាន​ទៅលើ​យន្តការ​ផ្សេងៗ​ទៀត។

ឯកឧត្តម ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ក៏បាន​គូសបញ្ជាក់ថា ​ឯកឧត្តម​ចាត់ទុកថា ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មេដឹកនាំ​ដ៏​អស្ចារ្យ ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ​ហើយ​ជាពិសេស​ទៀត បាន​ជំរុញ​ឲ្យ កម្ពុជា​ មានការ​អភិវឌ្ឍ​ទៅមុខ​យ៉ាង​លឿន ៕