សម្ដេច​តេ​ជោ ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៃ​ប្រទេស​ចំនួន​បី នៅថ្ងៃនេះ​

306

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃនេះ បានទទួល​ជួប​ថ្នាក់ ដឹកនាំ​សំខាន់ៗ នៃ​ប្រទេស​ចំនួន​បី នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ ដែល​រួមមាន​ប្រទេស​ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស និង ម័​រ​ឡេ​ស្តេ ដើម្បី​ពិភាក្សា​ការងារ ក្នុង​គោលបំណង​ពង្រឹង​ចំណងទាក់ទង និង​កិច្ច​សហប្រតិបត្តិការ រវាង​គ្នា​នឹង​គ្នា​។​

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃនេះ បាន​ទទួល​ជួប​ឯកឧត្តម សា​យ៉េដ យូ​ស្សូវ រ៉ា​ហ្សា ហ្គី​ឡា​នី (Syed Yusurf Raza Gilani) អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ឯកឧត្ដម កា​ស៊ីម ខាន់​ស៊ូ​រី (Qasim Khan Suri) អនុប្រធាន​សភាជាតិ ប៉ា​គី​ស្ថាន ឯកឧត្តម ខេ​រ៉ា​ឡា ហ្សា​ណា​ណា ហ្គូ​ស​ម៉ៅ (Kay Rala Xanana Gusmao) អតីត​ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ និង​លោ​ជំទាវ ស៊ី​រី​ន សា​មីន ឆូត​ហឺ​រី (Shirin Sharmin Chaudhury) ប្រធានសភា​ប្រទេស​បង់​ក្លា​ដែ​ស ខណៈ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង នេះ បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​ពីរ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជំនួប នៃ សម្ដេច​តេ​ជោ ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងបី​នេះ គឺ​ដើម្បី​ពង្រឹង​ពង្រីក​ចំណងទាក់ទង​កិច្ច​សហប្រតិបត្តិ ការ​រវាង​គ្នា​នឹង​គ្នា​បន្ថែម​ទៀត ខណៈ​ប្រទេស​ទាំងនេះ មាន​ចំណងទាក់ទង​ជាមួយ​កម្ពុជា​យូរ​ឆ្នាំ​ដែរ​ហើយ​។​

ភាគី​ទាំងអស់ បាន​ជជែក​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ជាពិសេស​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំង អស់ អាច​សហការគ្នា​បាន​ទៅលើ​យន្តការ​ផ្សេងៗ​ទៀត និង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ​។​

ថ្នាក់ដឹកនាំ​ប្រទេស​ទាំងបី បាន​ចាត់ទុកថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​កម្ពុជា​លើក នេះ ទទួលបាន​លទ្ធផល​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​បានធ្វើការ​កោតសរសើរ​ថា សម្តេច​តេ​ជោ ជា​មេ​ដឹក នាំ​ដ៏​អស្ចារ្យ ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ មានការ​រីកចម្រើន​យ៉ាងខ្លាំង ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ហើយ​ជា ពិសេស​ទៀត បាន​ជំរុញ​ឲ្យ​កម្ពុជា មានការ​អភិវឌ្ឍ​ទៅមុខ​យ៉ាង​លឿន​។ សន្តិភាព​នៅ​កម្ពុជា គឺជា​សន្តិភាព ពិត ដែលជា​គំរូ​ដ៏​ល្អ សម្រាប់​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភពលោក​។​

សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ការជោគជ័យ នៃ​កិច្ចប្រជុំ​នេះ គឺជា​ជោគជ័យ​រួម ហើយ​អ្វីដែល​សំខាន់ គឺ​នឹង​ប្រែក្លាយ​វេទិកា​នេះ ឲ្យ​ទៅជា​វេទិកា នៃ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ ក្នុងចំណោម​ប្រទេស ដែល​បាន​ចូលរួម​៕​