ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ឃាត់ខ្លួន​មន្ត្រីនគរបាល​ចរាចរ​ណ៍ ០៣​នាក់ ដែល​ទារលុយ​១០០​ដុល្លារ ពី​ជន​ជាតិចិន​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ​

145

ព្រះសីហនុ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា មន្ត្រីនគរបាល​ចរាច​រណ៍​៣​នាក់ ដែល​បាន​ទារលុយ​១០០​ដុល្លារ ពី​ជន​ជាតិចិន តែ​ចុះ​សល់​៥០​ដុល្លារ ព្រោះតែ​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ​នេះ ត្រូវបាន​ឃាត់ខ្លួន​ហើយ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ៖ «​យើង​កំពុង​ពិនិត្យមើល ទៅលើ​វិន័យ​របស់​កងកម្លាំង ០០៦ ថា​តើ​ពួកគេ​ប្រព្រឹត្ត​ល្មើស​វិន័យ​ទំហំ​ប៉ុណ្ណា​? ទទួលពិន័យ​ប៉ុណ្ណា​? យើង​នឹង​អនុវត្តន៍​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បំផុត ទៅតាម​វិន័យ​របស់​កងកម្លាំង ០០៦ ហើយ​ស្អែក​នេះ យើង​នឹង​បញ្ចប់​នីតិ​វិធី អំពី​ក្រុមប្រឹក្សាវិន័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​»​។​

លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា ការដាក់ពិន័យ​នឹងធ្វើ​យ៉ាង​ម៉ឺងម៉ាត់​នឹងត្រូវ​បំផុត ព្រោះតែ​ពួកគេ (​នគរបាល​ទាំង​៣​នាក់​) បាន​ធ្វើ​ឲ្យ​ខូច​នូវ​កិត្តិយស​របស់​កងកម្លាំង​នគរបាលជាតិ​ទាំងមូល​។​

មន្ដ្រីនគរបាល​ដែល​ទារលុយ​ពី​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​នោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់​អនុសេនីយ៍ត្រី ឋានៈ​មន្ត្រី​នៅ​ផ្នែក​អន្តរាគមន៍ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ ប៉ុន្មាន​ថ្ងៃនេះ មាន​ករណី គណនី Facebook ជាច្រើន បាន​បង្ហោះ ផ្សព្វផ្សាយ ចែកចាយ​បន្ដ​គ្នា អំពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ម្នាក់ បាន​ឃាត់​រថយន្ត​មួយគ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ទារលុយ​ចំនួន​១០០​ដុល្លារ ក្រោយមក​តថ្លៃ​សល់​៥០​ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​អនុវត្ត​ច្បាប់​ចរាចរណ៍​៕​