លោក​ស្រី Suu Kyi ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ ​១​ក្រុម​ទៅ​ទី​ក្រុង​ឡាអេ​ដើម្បី​តតាំង​នឹង​ករណី​ប្រល័យ​ពូជ​សាសន៍​រ៉ូ​ហ៊ីង​យ៉ា

553

មី​យ៉ាន់​ម៉ា​៖ លោកស្រី​ Aung San Suu Kyi នឹង​ត្រូវ​បង្ហាញខ្លួន ​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តតាំង​ករណី​បណ្ដឹង​របស់​ប្រទេស​ហ្គំប៊ីដែល​ចោទ ប្រកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​បទ​ប្រល័យ​ពូជសាសន៍ ​ប្រឆាំង​នឹង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋាភិបាល​របស់​លោក​ស្រី ​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ។

ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧៣​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ ទៅកាន់​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ចាប់​តាំង​ពី​ការ​បង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ ដែល​ក្រុម​អ្នកស៊ើប​អង្កេត​អង្គការ​សហ​ប្រជា​ជាតិ​និយាយ​ថា ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយមាន​ចេតនា​ប្រល័យពូជសាសន៍​។ ប្រទេស​មី​យ៉ាន់​ម៉ាកាន់​សាសនា​ព្រះពុទ្ធ​ភាគ​ច្រើន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​អំពើ​ប្រល័យពូជសាសន៍​នេះ។​ ហ្គំ​ប៊ី​ជា​ប្រទេស​តូច​មួយ​ដែល​មាន​ពល​រដ្ឋ​មូ​ស្ល៊ី​ម​ភាគច្រើន ក្នុង​តំបន់​អាហ្វ្រិក​ខាងលិចបាន​ដាក់​ពាក្យ​បណ្ដឹង​ បន្ទាប់ពី​បាន​ឈ្នះ​ការ​គាំទ្រ​ពី​អង្គការ​សហ​ប្រតិបត្តិ​ការ​អ៊ីស្លាម (OIC) ដែល​មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៥៧។ ហ្គំ​ប៊ី​គឺជា​រដ្ឋ​មានតែ​ ១​គត់ដែល​អាច​ដាក់​ពាក្យបណ្ដឹង​ ប្រឆាំង​នឹង​រដ្ឋ​មួយ​ផ្សេងទៀត​នៅ​ឯតុលាការ ​ICJ

ការិយាល័យ​របស់​ទីប្រឹក្សា​រដ្ឋ​លោកស្រី ​Suu Kyi ​បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ប្រទេស​មី​យ៉ាន់​ម៉ា​មាន​មេធាវី​អន្តរជាតិ​ល្បី​ៗ ​ដើម្បី​តតាំង​រឿង​ក្តី​ដែល​បាន​ដាក់​ដោយ​ប្រទេស​ហ្គំប៊ី​។​ ដោយ​ពុំបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​ករណី​នេះ ប្រភព​ខាងលើ​និយាយ​ថា​ ​ទីប្រឹក្សា​រដ្ឋ​ដែល​មាន​សមត្ថភាព​ ជា​រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​ផង​នោះនឹង​ដឹកនាំ​គណៈប្រតិភូ ​១​ក្រុម​ទៅកាន់​ទីក្រុង​ឡាអេ​ប្រទេស​ហូ​ឡង់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​មី​យ៉ាន់​ម៉ា​នៅតុលាការ ICJ

អត្ថបទ៖ សុខ​មាន