កម្ពុជា​ស្នើ​ភាគី​ចិន​ឲ្យ​ជួយ​ថែមទៀត លើ​ការ​កៀរគរ​វិនិយោគិន​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​នាំចេញ​

494

ភ្នំពេញ៖ ក្នុង​ជំនួប​ការងារ​ជាមួយ​ភាគី​ចិន​កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ដល់​ភាគី​ឲ្យ​ជួយ​កៀរគរ​វិនិយោគិន​បន្ថែ​ម​ទៀត មក​វិនិយោគ​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ ខណៈដែល​កម្ពុជា​មា​ន​សក្ដានុពល​ខ្ពស់​លើ​កសិផល​ដូចជា ស្វាយ ចេក មៀន ដំឡូង​មី និង​ស្រូវ ប៉ុន្តែ​កំពុង​ខ្វះខាត​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​។​

ឯកឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ជំនួប​ពិភាក្សា​ការងារ កាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ជម្រាបជូន​ឯកឧត្តម វ៉ាង ស៊ូ​ជាន (WANG SHUJIAN) អភិបាលរង​ខេត្ត​សាន​តុង និង​គណៈប្រតិភូ​អមដំណើរ ដែល​រួមមាន​ទាំង​អគ្គនាយក​នៃ​ក្រុមហ៊ុន​ធំៗ មកពី​ខេត្ត​សាន​តុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនថា កម្ពុជា​និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​មិត្តភាព​ក្នុង​កំឡុង​ឆ្នាំ​១៩៥៦ ហើយក៏​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០១០ ស្របទៅនឹង ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​, មូលនិធិ​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​ជំរុញ​ការអភិវឌ្ឍ​បែប ឈ្នះ​-​ឈ្នះ រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវាត់​និង​ផ្លូវ​សូត្រ​។

ជា​កិច្ច​ឆ្លើយតប ភាគី​ចិន​បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ក្រុមហ៊ុន​មកពី​ខេត្ត​សាន​តុង​មាន​ចំនួន​២០ ដើម្បី​មក​ពិភាក្សា​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​កម្ពុជា និង​ស្វែងយល់​ពី​កាលានុវត្តភាព​សម្រាប់​វិនិយោគ ក្នុង​វិស័យ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​កសិកម្ម​។

ក្នុងនោះ មាន​ក្រុមហ៊ុន​ចំនួន​២​បានសម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​កសិកម្មសរីរាង្គ ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម​ក្នុង​ការផលិត​ជីសរីរាង្គ ការ​វេច​ខ្ចប់ លក់​ជីសរីរាង្គ​និង​ចែកចាយ​បន្លែ​សរីរាង្គ និង​ក្រុមហ៊ុន​មួយទៀត ខាង​ផ្នែក​ដំឡើងរថយន្ត​។

ភាគី​បញ្ជាក់​បន្ថែមទៀត​ថា ទន្ទឹមនេះដែរ មាន​ក្រុមហ៊ុន​មួយ​ផ្សេងទៀត ក៏មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ ក្នុង​លទ្ធភាព​ផលិត ១០​ម៉ឺន​តោន នៅ​ខេត្តក្រចេះ​។

ឯកឧត្តម វ៉ាង ស៊ូ​ជាន បាន​សម្ដែង​ការតាំង​ចិត្ត​ថា នឹង​បន្ត​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​មកពី​ខេត្ត​សាន​តុង មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ហើយ​បាន​ធានា​ទិញ​ផលិតផល​ទាំងនោះ​ផងដែរ​៕​