ជប៉ុន​ស្នើ នៅ ស្រី​ពៅ បន្ដ​ហាត់​នៅ​ជប៉ុន​ក្រោយ​បេសកកម្ម​ស៊ី​ហ្គេម

463

ប្រដាល់៖ លោក Motohashi Yukiharu ប្រធាន​ក្លឹប​ប្រដាល់ MOTOHASHI BOXING GYM របស់​ប្រទេស​ជប៉ុន បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំងចំពោះ​ការ​ហ្វឹក​ហាត់ និង​កម្រិត​បច្ចេកទេស​របស់​កីឡា​ការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា នៅ ស្រី​ពៅ ដែល​កំពុង​ហ្វឹកហាត់​នៅ​ជប៉ុន ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០-​វិច្ឆិកាដល់​ថ្ងៃ​ទី​១១-​ធ្នូ​ខាងមុខ។

ដោយ​មើល​ឃើញ​ពី​សមត្ថភាព និង​ទេពកោសល្យ​ល្អ​របស់​កីឡា​ការិនី​កម្ពុជា​រូប​នេះ លោក Motohashi Yukiharu​ ក៏បាន​ស្នើសុំ​ការអនុញ្ញាត​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​កីឡា​ការិនី នៅ ស្រី​ពៅ បន្ត​ការ​ហ្វឹក​ហាត់​រយៈពេល​វែង​នៅ​ជប៉ុន​បន្ថែម​ទៀត បន្ទាប់ពី​នាង​បញ្ចប់​បេសកកម្ម​ដ៏​ធំ​របស់​ខ្លួន នៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ ប្រទេស​ហ្វីលីពីននា​ពេល​ឆាប់ៗ​ខាងមុខ​។​ បើ​តាម​ការ​បញ្ជា​ក់​រប​ស់​លោក ប៊ុ​យ សុភ័ណ្ណ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​សំណើ​នេះ​ សហព័ន្ធ​បាន​នឹង​កំពុង​ធ្វើការ​ពិភាក្សា​លម្អិត​បន្ថែម​ជាមួយ​លោក Motohashi Yukiharu​ លើ​លក្ខខ័ណ្ឌ​សំខាន់ៗ​មួយ​ចំនួនដើម្បី​ជា​ប្រយោជន៍សម្រាប់​កីឡា​ការិនី នៅ ស្រី​ពៅ ដែល​ត្រូវ​ហ្វឹកហាត់​ឆ្ងាយ​ពី​គ្រួសារ និង​ត្រូវការ​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​នាង​ផង​នោះ។

គួរ​បញ្ជាក់​ថា នៅ ស្រី​ពៅ រួម​ទាំង​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ ២​រូប​ទៀតគឺ​មាន​កីឡាករ ណាត សៀក​ងិន ដែល​គេ​ស្គាល់​ថា ពេជ្រ ម្ទេសខ្មាំង និង​កីឡា​ការិនី វី ស្រី​ខួច បាន​ចំណាយ​ពេល​ជាង ១​ខែ​មក​ហើយក្នុង​ការ​បោះជំរំ​ហ្វឹកហាត់​នៅ​ជប៉ុន ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ទន្ទឹម​ជាមួយគ្នា នៅ ស្រី​ពៅ បាន​បង្ហាញ​កម្រិត​បច្ចេកទេស​ដ៏​ល្អ ​នៅ​ពេល​ធ្វើការ​សមជា​មួយ​កីឡា​ការិនី ​ជើងឯក​ប្រដាល់​សកល​របស់​ជប៉ុន ហេតុ​នេះ​ហើយទើប​ធ្វើ​ឲ្យ​លោក Motohashi Yukiharu ចង់​បាន​រូប​នាង​ហ្វឹកហាត់​នៅ​ទីនោះ​បន្ដ​ទៀត៕

អត្ថបទ៖ លី ឈុន​ឡា