ផ្លូវ​រូង​ក្រោម​ដី​​ឆ្លង​កាត់​កំពង់ផែ​របស់​ទីក្រុង​​ហុង​កុង​បាន​បើក​​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​

318

ហុងកុង៖ ផ្លូវ​រូង​ក្រោម​ដី​​ឆ្លង​កាត់​​កំពង់ផែ​​របស់​ទីក្រុង​ហុងកុង​ ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ព្រលឹម​​ថ្ងៃ​ពុធ​នេះ​ ដែល​ត្រូវ​បាន​បិទ​បន្ទាប់​ពី​​ក្រុម​អ្នក​តវ៉ា​បាន​​ដុត​បំផ្លាញ​​បញ្ជរ​បង់​ប្រាក់​។ ដំណើរ​​វិវឌ្ឍន៍​បាន​កើត​ឡើង​ ខណៈ​ស្ថានភាព​​មួយ​ក្នុង​ចំណោម​​ស្ថាន​ភាព​ហិង្សា​មួយ​ចំនួន​​ទៀត ​នៅ​ក្នុង​​ការ​តវ៉ា​​ប្រឆាំង​រដ្ឋាភិបាល​​ដែល​មាន​រយៈ​ពេល​​យូរ​របស់​ទីក្រុង​នេះ​ អាច​នឹង​​ត្រូវ​បញ្ចប់​ដោយ​ការ​ហ៊ុម​ព័ទ្ធ​​របស់​នគរបាល ​​អស់​រយៈ​ពេល​​ ១សប្ដាហ៍​​នៅ​សាកល​វិទ្យាល័យ​មួយ​កន្លែង​​ឈាន​ទៅ​រក​​ភាព​ធូរ​ស្រាល។

ផ្លូវ​​នៅ​ជុំ​វិញ​​សាកល​វិទ្យាល័យ​​ពហុបច្ចេកទេស​ ជា​កន្លែង​ប៉ះ​ទង្គិច​​ដ៏​សាហាវ​​​ជាមួយ​នគរបាល​​​កាល​ពី​ ១០ថ្ងៃ​មុន​នេះ។ ​ក្រុម​អ្នក​តវ៉ា​​​បាន​ប្រើ​បរិវេណ​​សាកល​វិទ្យាល័យ​​នេះ​ធ្វើ​ជា​មូលដ្ឋាន​ និង​បាន​បិទ​ច្រក​ចូល​​ទៅ​កាន់​ផ្លូវ​សំខាន់​​នៅ​ក្រោម​កំពង់ផែ​​របស់​ទីក្រុង​ហុង​កុង។ ​ការ​តវ៉ា​​ដំបូង​ឡើយ​បាន​​ចាប់ផ្តើម​ក្នុង​ការ​ប្រឆាំង ​​ចំពោះ​​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​ក្រុម​​បាតុករ​​យល់​ថា ជា​ការ​លប់​​បំបាត់​សិទ្ធិ​​របស់​ពួក​គេ​ ដែល​បាន​សន្យា​រក្សា​ទុក​នៅ​ពេល​អតីត​​ដែន​ដី​អាណានិគម​អង់គ្លេស​​នេះ​ ត្រូវ​​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​ចិន​គ្រប់​គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧។ ​ការ​ធ្វើ​បាតុកម្ម​​នានា​ចាប់​តាំង​ពី​​ពេល​នោះ​មក ​បាន​ពង្រីក​​ទៅ​ជា​ការ​តវ៉ា​​មួយ​ជុំ​វិញ​​អ្វី​ដែល​ពួក​គេ​​យល់​ថា ជា​ការ​ជ្រៀត​ជ្រែក​​កាន់​តែ​ខ្លាំង​ឡើង​​របស់​ក្រុង​ប៉េកាំង​នៅ​ក្នុង​ទីក្រុង​​នេះ៕

អត្ថបទ៖ រិទ្ធី