សម្តេច​តេ​ជោ ហ៊ុន សែន៖ ​ទោះបី​សម្តេច​មិន​បាន​បង្ហាញមុខ​ក្នុង​ជំនួប​ឬ​កិច្ចប្រជុំ​នានា​ដោយសារតែ​ស្ថានភាព​ជំងឺ​ម្តាយ​ក្មេក តែ​សម្តេច​នៅតែ​ទទួលខុសត្រូវ​ដោះស្រាយ​ការងារ​ជា​ធម្មតា​

587

ភ្នំពេញ៖ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ​នៅ​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែង​ថា ស្ថិតក្នុង​ស្ថានភាព ​នៃ​ការបន្ត​សង្គ្រោះ​បន្ទាន់ ​នៃ​ជំងឺ​ម្តាយក្មេក​របស់​សម្តេចៗ​បន្ត​លប់​ចោល​ការចូលរួម​កម្មវិធី​មួយចំនួន​សម្រាប់ ចុង​សប្តាហ៍​នេះ​និង​សប្តាហ៍​ក្រោយ​ដោយ​ប្រគល់ជូន​ឧបនាយករដ្ឋមន្ត្រី​មួយ​ចំនួន​ចូលរួម​ជំនួស​ព្រោះ​កម្មវិធី​នេះ​មិនអាច​លើក​ពេល​រង់ចាំ​វត្តមាន របស់​សម្តេច​បានឡើយ​។​

សម្ដេច​បន្តថា​ សប្តាហ៍​ក្រោយ​សម្តេច​ត្រៀម​ទទួល​អគ្គរដ្ឋទូត​បរ​ទេស​ពីររូប ​​អភិបាល​ក្រុងប៉ារីស​មួយ​រូប​ និង​អគ្គលេខាធិការ​នៃ​សមាគម​ប្រទេស​និយាយ​ភាសារ​បារាំង​មួយរូប​ប៉ុណ្ណោះ​។​

បើ​ទោះជា​សម្តេច​មិនបាន​បង្ហាញ​មុខជា​សាធារណៈ​នៅក្នុង​ការប្រជុំ​ទាំង​នៅ​ក្រៅ​ប្រទេស​ និង​កម្មវិធី​នានា​នៅ​ក្នុង​ប្រទេស ក៏ដោយ​ក៏​សម្តេច​នៅតែ​បន្ត​ដោះស្រាយ ការងារ​ជាការ​ពិនិត្យ​សម្រេច​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា ដូច​បានធ្វើ​កន្លងមក​មិនមាន​ការអាក់ខាន​ឡើយ​បើទោះបី​អត់ងងុយ​និង​ហត់នឿយ​ក្នុងការ​ស្នាក់នៅ​មន្ទីរពេទ្យ​ក៏ដោយ​។​

សម្ដេច​បន្ត​ទៀត​ថា​ សម្តេច​នឹង​បន្ត​ការតាមដាន​មើលថែទាំ​ម្តាយក្មេក តទៅទៀត​ព្រោះ​ពុំមាន​ពេល​ផ្សេងទៀត​ដើម្បី​បំពេញ​តួរ​នាទី​ជា​កូន​កតញ្ញូ​នោះឡើយ​។​

សម្ដេច​សង្ឃឹមថា ​បងប្អូន​ជនរួមជាតិ​នឹង​យោគយល់​ដល់​ការ​លំបាក​របស់​សម្តេច​និង​យល់​ពី អារម្មណ៍​របស់​សម្តេច​នាពេល​ដ៍​លំបាក​នេះ​។ ​សម្តេច​បញ្ជាក់ថា​សម្តេច​មិន​ទុកឱ្យ​ម្តាយក្មេក​សម្តេច​ចាកចោល​សម្តេច​ដោយ​មិនបាន​លា​នោះ​ឡើយ​។​

សូម​អរគុណ​សម្តេច ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​ដែល​បាន​ធ្វើជា​តំណាង​សម្តេច​ចូលរួម​ក្នុងការ​ប្រជុំ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​៕​