កម្ពុជា​បន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ រក្សា​កំណើន​សេដ្ឋកិច្ច

122

ភ្នំពេញ ៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​ប្រុងប្រយ័ត្ន ​និង​ការ​ប្រកាន់យក​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ ​សាធារណៈ ​គោលនយោបាយ​រូបិយវត្ថុ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ​និង​បរិយាកាស​វិនិយោគ​កាន់តែ​ល្អប្រសើរ​។

យោងតាម​គោលនយោបាយ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចែង​ក្នុង ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្ដេជ្ញា​កែលម្អ​បរិយាកាស​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរភាព​ល្អប្រសើរ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ​ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​ការរៀបចំ​មូលដ្ឋាន​ចាំបាច់ ​ដើម្បី​ធានា​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ នឹង​ការបន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ​ដោយ​ប្រុងប្រយ័ត្ន ​ការ​ប្រកាន់យក​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ​គោលនយោបាយ​រូបិយវត្ថុ និង​ការកែទម្រង់​រចនាសម្ព័ន្ធ ​ដែល​មាន​លក្ខណៈ​បុរេ​សកម្ម​ដោយ​ប្រយ័ត្នប្រយែង ​ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​កំណើន អតិផរណា​ទាប ​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​ជំរុញ​ដល់​ការ​វិនិយោគ​ជាដើម​។

គោលនយោបាយ​ដដែល​ បាន​ឲ្យ​ដឹងថា​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​នឹង​រៀបចំ​យន្តការ​គ្រប់គ្រង​វិបត្តិ និង​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​កើន​ឡើង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ​ទាំង​វិស័យ​ធនាគារ និង​វិស័យ​មិនមែន​ធនាគារ​ វិស័យ​អចលនទ្រព្យ និង​វិស័យ​ដ៏ទៃទៀត ​ជាពិសេស​ការ​ជំរុញ​រៀបចំ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ ​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ចំណូល​ថវិកា​ជាតិ ​និង​ការបន្ត​សម្រួល​ដល់​ផ្នែក​ពាណិជ្ជកម្ម ​ការ​កែសម្រួល​ត្រួតពិនិត្យ​តាម​ព្រំដែន​ឲ្យ​ស្ថិត​ក្នុង​កម្រិត​អប្បបរមា និង​ការកាត់​បន្ថយ​នូវ​នីតិវិធី​ផ្សេងៗ​ជា​ចាំបាច់​ ដែល​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។

យោងតាម​ការវាយតម្លៃ​របស់​ក្រុម​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (Article IV)​ កាល​ពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ​សេដ្ឋកិច្ចកម្ពុជា​ មាន​ភាព​ល្អប្រសើរ ​ដោយបាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ស្ថិតក្នុង​អត្រា​៧.២៥%​ នៅ​ឆ្នាំ​២០១៨​នេះ និង​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ត្រឹម​២,៥​ភាគរយ ​ស្រប​ពេល​វិស័យ​សារពើពន្ធ​មាន​មូលដ្ឋាន​រ៉ឹង​មាំ ​ជាពិសេស​គឺ​ការ​ប្រមូល​ចំណូល ​និង​ការគ្រប់គ្រង​បំណុល​សាធារណៈ​បានល្អ​ប្រសើរ​៕