រដ្ឋមន្ត្រី​ទេសចរណ៍​ថា Caravan Tour មកពី​ចិន​គឺ​រួមចំណែក​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​ចិន

339

ភ្នំពេញ ​៖ ក្រុម​អ្នកធ្វើដំណើរ​ទេសចរណ៍​តាម​រថយន្ត​ទេសចរណ៍​លើ​ចម្ងាយ​ផ្លូវ​ជិត​៦០០០​គីឡូ​ម៉េត្រ ​ពី​ប្រទេស​ចិន ​មកកាន់​ប្រទេស​កម្ពុជា ​ឬ ហៅថា ​ក្រុម​រថយន្ត ​CARAVAN TOUR គឺ​បានរួម​ចំណែក​ខ្លាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​ទំនាក់ទំនង ល្អប្រសើរ ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្នុង​តំបន់​អាស៊ាន និង​ក្នុង​ក្របខ័ណ្ឌ​ទន្លេ​មេគង្គ ឡាន​ឆាង​។

នៅក្នុង​ពិធី​ទទួល​ដំណើរ​ក្រុម​រថយន្ត​ទេសចរណ៍ CARAVAN TOUR កម្ពុជា​ចិន​ នៅ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៨​ ខែ វិច្ឆិកា​ នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​មាន​ប្រសាសន៍ថា ដំណើរ​ក្បួន​រថយន្ត​នៃ​អ្នកទេសចរ​ចិន មកដល់​រាជធានី​ភ្នំពេញ​ នាពេលនេះ ​គឺជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ “​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ ចិន​-​កម្ពុជា​លើកដំបូង​” ដែល ​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​សមិទ្ធផល​នានា​ច្រើន​ទៀត​សំរាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​។

ឯកឧត្តម ថោង ខុន បន្តថា ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​នេះ ក្រសួងទេសចរណ៍ វប្បធម៌ ចិន និង​ក្រសួងទេសចរណ៍​កម្ពុជា​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​វប្បធម៌​ជាច្រើន​ហើយ​ព្រឹត្តិការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​បន្ត​បន្តាប់​នៅ​កម្ពុជា​និង​ប្រទេស​ចិន​។

ឯកឧត្តម ថោង ខុន បន្តថា “​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​” ក្រៅពី​ជំរុញ​កិច្ច​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​គ្នា ឆ្នាំ​វប្បធម៌​ និង​ទេសចរណ៍​នេះ ​ ក៏​នឹង​ជំរុញ ​លំហូរ​ទេសចរ​ទៅវិញទៅមក​ក្នុង​បរិបទ​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី ​មិត្តភាព​កាន់តែ​ស៊ីជម្រៅ​នឹង​បង្កើត​បានជា​ឱកាស​ថ្មីៗ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

បើតាម​លោកស្រី អគ្គនាយក​មន្ទីរ​វប្បធម៌ និង​ទេសចរណ៍​ខេត្ត​យូ​ណាន ​ប្រទេស​ចិន​ បាន​ថ្លែងថា កម្មវិធី Caraval Tour ក្រោម​ប្រធានបទ “​ទន្លេ​មេគង្គ​-​ឡាន​ឆាង​៖ ​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការ​ធ្វើដំណើរ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​ក្បួន​រថយន្ត​ចិន ឡាវ កម្ពុជា ”​នេះ​គឺជា​សក្ខីភាព​ចូល​រួមការ​ពង្រីង​ពង្រីក​កិច្ច​សហប្រតិបត្តិកា​រ​វិស័យ​ទេសចរណ៍​រវាង​ចិន កម្ពុជា ។

សូមបញ្ជាក់ថា ក្រុម​រថយន្ត​ទេសចរណ៍​កម្ពុជា​ចិន CARAVAN TOUR ត្រូវ​ចំណាយ​ពេល​ធ្វើដំណើ​រ​រយៈពេល​២៨​ថ្ងៃ ​លើ​ចម្ងាយ​ផ្លូវ​ជិត​៦០០០​គ​.​ម ​ដោយបាន​ចេញដំណើរ​ពី​ទីក្រុង ​គួ​ន​មីង​ ខេត្ត យូ​ណាន ប្រទេស ចិន នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​ដោយ​ត្រូវ​ធ្វើដំណើរ ​ មកកាន់​ព្រំដែន កម្ពុជា​ឡាវ​នៅ​ថ្ងៃទី​២៥​ ខែ វិច្ឆិកា និង​មកដល់​រាជ​ភ្នំពេញ​ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​ ការ​ធ្វើដំណើរ​នេះ ​នឹងត្រូវ​ប្រារព្ធ​បិទ​បញ្ចប់​នៅ ​នៅ​ខេត្តសៀមរាប​អង្គរ​។

រថយន្ត​ Caravan Tour​ នេះ មាន​រថយន្ត​សរុប ៣៣​គ្រឿង ក្នុងនោះ​ មាន​រថយន្ត​មកពី ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ រថយន្ត​ក្រសួងទេសចរណ៍​កម្ពុជា សមាគម ​ទីភ្នាក់ងារ​ ទេសចរណ៍ ​កម្ពុជា (CATA) សមាគម អាស៊ី ប៉ា​ស៊ីហ្វិច​កម្ពុជា ​ (PATA) មន្ទីរទេសចរណ៍​ ខេត្តស្ទឹងត្រែង​ និង អាជ្ញាធរ ខេត្ត ស្ទឹងត្រែង ៕