មនុស្ស​រាប់​រយ​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​ដើម្បី​គាំទ្រ​លោក​ស្រី ​អ៊ុង​ សាន​ស៊ូ​ជី​ ជុំវិញ​បញ្ហា​ជន​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា

146

មី​យ៉ាន់​ម៉ា៖ បាតុករ​ប្រមាណ ៧០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​កណ្ដាល​ទីក្រុង​យ៉ាំង​ហ្គោ​ន​កាលពី​ថ្ងៃអាទិត្យ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​ សាន​ស៊ូ​ជី​ ខណៈ​ដែល​លោក​ស្រី​ត្រៀម​ការពារ​ប្រទេស ​ប្រឆាំង​នឹង​ការចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​ នៅ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​។ មនុស្ស​ជាច្រើន​កាន់​បដា​ដែល​សរសេរ​ថា យើង​ឈរ​ជាមួយ​អ្នក អ្នក​ម្ដាយ​ស៊ូ។

ករណី​នេះ​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទី​ក្រុង​ឡាអេ ​(Hague)​ ទាក់ទង​នឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ការបះបោរ​ដ៏​ឃោរឃៅ​ ដែល​ធ្វើឡើង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ប្រឆាំង​ នឹង​ជនជាតិភាគតិចរ៉ូ​ហ៊ីង​យ៉ា​កាលពី​ខែ​សីហា ​ឆ្នាំ​២០១៧ ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​បះបោរ​មួយ​។​ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧សែន​​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ជិតខាង​ ដើម្បី​រត់គេច​ពី​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅថា ​យុទ្ធនា​ការ​សំអាត​ជនជាតិភាគតិចដែល​ពាក់ព័ន្ធ​នឹង​ ការ​ចាប់​រំលោភ​ជាច្រើន​ករណី ការ​សម្លាប់​ និង​ការ​ដុត​ផ្ទះសម្បែង​ជាដើម​។​ ប្រទេស​ហ្កំ​ប៊ី​បាន​ប្ដឹង​ករណី​នេះ​ ក្នុងនាម​អង្គការ​សហ​ប្រតិបត្តិការ​អ៊ីស្លាម​។

មី​យ៉ាន់​ម៉ា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការចំពោះ​ការចោទប្រកាន់​ ប៉ុន្តែ​បាន​និយាយ​ថា ​ខ្លួន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាត់វិធានការ​ប្រឆាំង​នឹង​អ្នកធ្វើ​ខុស ​ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់​។​ ម្ចាស់​ជ័យ​លាភី​ពានរង្វាន់​ណូ​បែល​​សន្តិភាព​លោកស្រី ​អ៊ុង ​សាន​ស៊ូ​ជី ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទី​ក្រុង​ឡាអេ ​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ សវនាការ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ត​អូស​បន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​៕

អត្ថបទ៖ សុខ​មាន