វៀតណាម​វាយបក​ពីក្រោយ​ឈ្នះ​ឥណ្ឌូនេស៊ី ខណៈ​ថៃ​ឈ្នះ​សឹង្ហ​បុរី ៣-០ នៅ​ស៊ី​ហ្គេម​ពូ​ល B

11882

បាល់ទាត់៖ ​ក្រុមបាល់ទាត់ U-22 វៀតណាម​ស្រ​វ៉ា​បាន ៣​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ចុង​ម៉ោង ​វាយបក​ពីក្រោយ​យកឈ្នះ​ឥណ្ឌូនេស៊ី ២១ ដើម្បី​ឡើង​មក​ឈរ​លើ​គេ​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​វិញ្ញាសា​បាល់ទាត់​។ បន្ទាប់ពី​ឈ្នះ ២​ប្រកួត​ដំបូង​រៀងខ្លួន ក្រុម​ទាំង​២ ​សុទ្ធ​តែ​មាន​ទំនុក​ចិត្ត​ដូចគ្នា​មុន​ការប្រកួត​នេះ​។

​​ឥណ្ឌូនេស៊ី​ជា​អ្នក​ចាប់ផ្ដើម​ល្អ​ជាង ក្រោយ​កំហុស​របស់​អ្នកចាំទី​វៀតណាម​ធ្វើ​ឲ្យ Sani Fauzi​ តែ​ត​បញ្ចូល​ទីនាំមុខឲ្យ​ឥណ្ឌូនេស៊ី​មុន​នៅ​នាទី​ទី​២៣​។ ​ក្រុម​វៀតណាម​ព្យាយាម​សំរុក​ខ្លាំង​ ទំរាំ​រក​បាន​គ្រាប់​តាម​ស្មើ​ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី​២ ទើប​ខ្សែ​ការពារ Hanoi FC, Nguyen Thanh Chung តែ​ត​បញ្ចូល​ទី​តាម​ស្មើ​បាន​សំរេច​។ ​មិនទាន់​អស់​នៅឡើយ​ខ្សែ​បំរើ​ក្រុម Viettel FC, Nguyen Hoang Duc​ ជា​អ្នក​ធ្វើ​ឲ្យក្រុម​ឥណ្ឌូនេស៊ី​ខូច​ចិត្ត ​នៅពេល​ស៊ុត​បញ្ចូល​ទី​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ ធ្វើឲ្យ​វៀតណាម​យកឈ្នះ​ការប្រកួត​នេះ​សរុប​មាន ៩​ប្រកួត​ក្រោយ​ឈ្នះ​ទាំង ៣​ប្រកួត​។

​​ក្រ​ឡេក​មក​ ១​គូ​ទៀត​ក្នុង​ពូ​ល B នេះ​ដែរ ថៃ​ដែល​ចាប់ផ្ដើម​ដំបូង​ចាញ់​ឥណ្ឌូនេស៊ី​នោះ ក៏​រក​បាន​ជ័យជំនះ​លើក​ទី​២ របស់​ខ្លួន​ក្រោយ​យកឈ្នះ​សឹង្ហ​បុរី ៣០​។ ​៣​គ្រាប់​របស់​ថៃ​ធ្វើ​បាន​នៅ​ក្នុង​វគ្គ​ទី​១ ទាំងអស់​ដោយ Jaroensak ​នាទី​ទី​៧ Suphanat Mueanta​ នាទី​ទី​១៨ និង Peerawat Akkatam​ នាទី​ទី​៣៤​។ ​ចំណែក​ឡាវ​ក៏​រក​បាន​ជ័យជំនះ​ដំបូង​របស់​ខ្លួន​ដែរ​ ដោយ​យកឈ្នះ​ព្រុយ​ណេ ៣០៕

អត្ថបទ​៖​នាង សុភា​វុ​ធ