ជើងឯក F1 ពិភពលោក Lewis Hamilton ឈ្នះ​ការ​ប្រកួត​ទីលាន​ចុង​ក្រោយ​បិទ​រដូវ​កាល​នៅ Abu Dhabi

138

ជើងឯក​ពិភពលោក F1 ឆ្នាំ២០១៩ នេះ Lewis Hamilton បាន​យកឈ្នះ​ការប្រកួត​ទីលាន​ចុងក្រោយ​បិទ​រដូវ​កាល ២០១៩ នៅ​ទីក្រុង Abu Dhabi អារ៉ាប់​រួម​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​កីឡាករ​របស់​ក្រុម Mercedes រូប​នេះ​បាន​នាំមុខ​តាំងពី​ចាប់ផ្ដើម​រហូតដល់​ចប់​ការប្រកួត​ គ្មាន​នរណា​ម្នាក់​អាច​វ៉ា​ជែង​បាន​ឡើយ និង​គ្មាន​រំខាន​ថែមទៀត​។

​​ចំ​ណែ​កីឡាករ​របស់ Red Bull, Max Verstappen​ បាន​បញ្ចប់​លេខ​២ ទំលាក់​កីឡាករ​របស់ Ferrari ទាំងពីរ​នាក់​ចុះក្រោម​ទៅ​លេខ​៣ គឺ Charles LeClerc​ និង​លេខ​៤ Sebastian Vettel​។ ​ក្រឡេក​មក Lewis Hamilton បាន​បញ្ចប់​រដូវ​កាល ២០១៩ ដោយ​ភាព​ជោគជ័យ​បំផុត​ក្រោយ​ឈ្នះ ១១​ទីលាននៃ​ការប្រកួត​សរុប ២១​ទីលាន ដែល​ស្មើនឹង​សមិទ្ធផល​ដែល​ខ្លួន​ធ្លាប់​ធ្វើ​បាន​កាលពី​ឆ្នាំ​២០១៤ និង ២០១៨​។ ​ជ័យជំនះ​នៅ Abu Dhabi នេះ​ជា​ជ័យជំនះ​លើក​ទី​៨៤ ខ្វះ​តែ ៧​ទីលាន​ទៀត​នឹង​ស្មើ​កំណត់​ត្រា​របស់ Michael Schumacher​

​​ក្រោយ​ចប់​ការប្រកួត Lewis Hamilton ក៏បាន​បង្ហើប​ពី​ការផ្លាស់​ក្រុម​បើកបរ​ដែរ ខណៈ​កិច្ចសន្យា​របស់​គេ​នឹង​អស់សុពលភាព​ជាមួយ Mercedes ក្រោយ​បញ្ចប់​រដូវ​កាល ២០២០ ខាងមុខ​។ ​យ៉ាង​ណាក្តី​កីឡាករ​អង់គ្លេស​រូប​នេះ បាន​បដិសេធ​ពី​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា គេ​បាន​ជួប​ជាមួយ​នាយក​របស់ Ferrari ពីរ​លើក​ក្នុង​ឆ្នាំ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ