លោក Trump បដិសេធ​ចូលរួម​ក្នុង​សវនាការ​ស្ដីពី​ការ​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​សភា

220

អាមេរិក៖ មេធាវី​របស់​លោក​ប្រធានាធិបតី​ Donald Trump​ កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​គណៈកម្មាធិការ​នីតិកម្ម​រដ្ឋសភា​ថា​ សេត​វិមាន​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​ ចោទប្រកាន់​ទម្លាក់​តំណែង​ជា​លើកដំបូង​ របស់​គណៈកម្មកា​រ​នេះ​នៅ​ថ្ងៃ​ពុធ​នោះ​ទេ​ ប៉ុន្តែ​នៅតែ​បើកចំហ​លទ្ធភាព​ដែល​លោក ​នឹង​ត្រូវ​បាន​តំណាង​នៅ​ក្នុង​សវនាការ​នានា​នៅ​ពេល​ខាងមុខ​។

លោកPat Cipollone ​ដែល​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដល់​ប្រធានាធិបតី បាន​ច្រានចោល​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​ដោយ​រិះគន់​គណៈកម្មការ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយ​តប​មុន​ពេល​សាក្សី​ ណាមួយ​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ ឬ​កាល​វិភាគ​សម្រាប់​សវនាកា​រ​ផ្សេងទៀត​ត្រូវ​បាន​កំណត់​។ លោក​បាន​និយាយ​ថា ​ដំណើរ​ការ​ទាំងមូល​គឺ​អយុត្តិធម៌​ចំពោះ​ប្រធានាធិបតី​។ លោក Cipollone ​បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​លោក Jerrold Nadler ​នៃ​ទីក្រុង​ញូវយ៉ក​ថា យើង​មិន​អាច​រំពឹង​ទាំងស្រុង​ថា​ នឹង​ចូលរួម​ក្នុង​សវនាការ​បានទេ​ ខណៈ​ដែល​សាក្សី​មិនទាន់​ត្រូវ​បាន​គេ​បង្ហាញ​ និង​ស្រប​ពេល​ដែល​វា​មិនទាន់​ច្បាស់​ថា ​តើ​គណៈកម្មាធិការ​នីតិកម្ម​នឹង​ផ្ដល់​ដំណើរការ​យុត្តិធម៌​ដល់​ប្រធានាធិបតី​ តាមរយៈ​ការ​បើក​សវនាការ​នានា​បន្ថែម​ ឬ​យ៉ាងណា​៕

អត្ថបទ៖ សុខ​មាន