​ទូត​ថ្មី​សហគមន៍ ​អឺរ៉ុប​ បង្ហាញ​ការ​ភ្ញាក់ផ្អើល​ដែល​បាន​ឃើញ​ការរីក​ចម្រើន​ជាច្រើន​របស់​កម្ពុជា

355

ភ្នំពេញ ​៖ នៅ​ចំពោះមុខ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហគម​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា ​បានបង្ហាញ​ការ​ភ្ញាក់ផ្អើល​ដែល​បាន​ឃើញ​ពី​ការរីកចម្រើន​ជាច្រើន​របស់​កម្ពុជា ។

អារម្មណ៍​ភ្ញាក់ផ្អើល​មើលឃើញ​អំពី​ការវិវត្ត​រីកចម្រើន​របស់​កម្ពុជា​នៅ​ចំពោះមុខ​ សម្តេច​តេ​ជោ​បែបនេះ ខណៈ​លោកជំទាវ​ទូត​ថ្មី​រូបនេះ ត្រូវ​បាន​សម្តេច​អនុញ្ញាតឱ្យ ចូលជួប សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​នេះ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ថ្មី​សហគមន៍ ​អឺរ៉ុប​បាន​មានប្រសាសន៍ថា ​កម្ពុជា​ បាននិងកំពុង​ដើរ​នៅលើ​ផ្លូវត្រូវ​ហើយ​បាន​និងកំពុង​ជំរុញ​ការ​ការអភិវឌ្ឍ​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​ បាន​សម្តែង​នូវ​ការអបអរសាទរ ​ជូន​ចំពោះ​លោកជំទាវ Carmen Moreno ដែល​បាន​ត្រូវ​តែងតាំង​ជា​អគ្គរដ្ឋទូត ​សហគមន៍​អឺរ៉ុប ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​នូវ​អ្វីដែល​លោកជំទាវ​បាន​លើកឡើង ព្រោះ​អ្វីដែល​លោកជំទាវ​បាន​លើកឡើង​គឺជា​មូលដ្ឋាន​មួយ​ដែល​កម្ពុជា ​និង​សហគមន៍​អឺ​រ៉ុប អាច​បន្តធ្វើ​ការរួម​គ្នា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។

សម្ដេច​បាន​ថ្លែងអំណរគុណ​ជូន​ដល់​សហគមន៍​អឺរ៉ុប​ ដែល​បាន​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុង​ការ​កាត់ទោស​អតីត​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ខ្មែរក្រហម ហើយ​លើសពីនោះ​ទៅទៀត ​សហគមន៍​អឺរ៉ុប​ក៏បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​នៅលើ​វិស័យ​ដទៃទៀត​។​ក្នុងន័យនេះ​ សម្តេច​បន្តថា ​គប្បី​ណា​យើង​ឈរ​លើ​មូលដ្ឋាន​អ្វី ដែល​យើង​បាន​សហការគ្នា​កន្លងមក​បន្តទៅទៀត​ ហើយ​ស្វែងរក​នូវ​អ្វី​ដែល​យើង​អាច​សហការ ធ្វើការ​រួមគ្នា​បន្តទៀត ​ក្នុងន័យ​ ជា​ដៃគូ​ផង​និង​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប​និង​កម្ពុជា​ផង​៕