អភិបាល​រាជធានី​ភ្នំពេញ ​ស្នើឱ្យ​ឡាវ​វិនិយោគ​បន្ថែម​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​ទេសចរណ៍

173

ភ្នំពេញ ​ ៖ អភិបាល​រាជធានី​ភ្នំពេញ​ បានស្នើ​ឱ្យ​អ្នកវិនិយោគ​ឡាវ​វិនិយោគ​បន្ថែម​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​ឱ្យ​ប្រទេស​ទាំង​២​មានការ​អភិវឌ្ឍ​រីក​ចំរើន​ដូចគ្នា ខណៈដែល​ប្រទេស​ទាំង​២​ មាន​វប្បធម៌​ប្រពៃណី​ទំនៀម​ទំលាប់​ស្រដៀង​គ្នា ​និង​ជា​ប្រទេស​គ្នា​ផងដែរ​នោះ​។

ក្នុងជំនួប​ពិភាក្សា​ការងារ និង​សម្តែង​ការគួរសម​ជាមួយ​លោក​បណ្ឌិត ស៊ីន​ឡាវ​ង់ បូត​ដៃ​ធូ អភិបាល​រដ្ឋធានី​វៀងចន្ទន៍​ នៅ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​បាន​ប្រាប់​ប្រតិភូ​ឡាវ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ចង់ឱ្យមាន​សន្តិភាព​នៅតាម​ព្រំដែន មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ មាន​សម្ព័ន្ធ​មេត្រី​ភាពជា​មួយ​គ្នា​រវាង​ខេត្ត និង​ខេត្ត ទីក្រុង និង​ទីក្រុង ហើយ​ក្នុងនាម​ប្រទេស​ដែល​មាន​វប្បធម៌​ប្រពៃណី​ទំនៀម​ទំលាប់​ស្រដៀង​គ្នា ​និង​មាន​ភូមិ​ផង​របង​ជាមួយគ្នា​ផងដែរ​នោះ ឯកឧត្ដម ឃួ​ង ស្រេង ចង់ឱ្យ​ប្រទេស​ទាំងពីរ​មានការ​អភិវឌ្ឍ​រីកចំរើន​ដូចគ្នា​ទាំង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា ​ដោយសារ​សង្គ្រាម គឺ​បានធ្វើឱ្យ​ប្រទេស​ធ្លាក់​ដល់​ចំណុចសូន្យ ប៉ុន្តែ​ដល់ពេលនេះ ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​គឺ​បាន​ធ្វើឱ្យ​ប្រទេស​ទាំងមូល​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​។​ ទន្ទឹមនឹងនេះ​ កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​ផងដែរ​ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​បញ្ហា​ប្រឈម​នោះ​ គឺ​ទៅលើ​បញ្ហា​កកស្ទះ​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ធ្វើការ​ដោះស្រាយ ដោយបាន​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរណ៍ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​។ ​ចំណែក​បញ្ហា​សន្តិសុខ បញ្ហា​គ្រឿងញៀន​ ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏​ជា​ការ​ងារ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ផងដែរ ​ដោយ​ធ្វើ​យ៉ាងណា​បំរើ​សាវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។

លោក​បណ្ឌិត ស៊ីន​ឡាវ​ង់ បូត​ដៃ​ធូ អភិបាល​រដ្ឋធានី​វៀងចន្ទន៍ បាន​​លើកឡើងថា ​ការដែល​លោក​អញ្ជើញ​មក​រាជធានី​ភ្នំពេញ​នេះ គឺមាន​បំណង​ពីរ​ទី​មួយ​គឺ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ដែល​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​។​ ទី​២​មាន​គោលបំណង​មក​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រិតចំណងមិត្តភាព​សហប្រតិបត្តិ​ការ ពិសេស​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​វៀង​ច័ន្ទ​ន៍​ឱ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​។

អភិបាល​រដ្ឋធានី​វៀងចន្ទន៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​ រីកចំរើន​គួរឱ្យ​កោតសរសើរ លោក​ថា​១០​ឆ្នាំមុន និង​១០​ឆ្នាំ​ចុង​ក្រោយនេះ​ពិតជា​ខុស​ប្លែកគ្នា​ខ្លាំង ​ពោលគឺ​ពេលនេះ​រាជធានី​ភ្នំពេញ​មាន​អាគារ​ខ្ពស់ៗ ​មាន​អ្នកវិនិយោគទុន​ច្រើន ប្រជាពលរដ្ឋ​មើលទៅ​មាន​ជីវភាព​ធូរធារ​ជាង​មុន​ខ្លាំង​។​ទន្ទឹម​និង​ការរីកចម្រើន​នេះ​លោក​អភិបាល​រដ្ឋធានី​វៀងចន្ទន៍​ក៏បាន​សុំឱ្យ​មានការ​ផ្លាស់ប្តូ​រ​ទស្សនកិច្ច​រវាង​ទី​រាជធានី​ភ្នំពេញ ​និង​រដ្ឋធានី​វៀងចន្ទន៍​ឱ្យបាន​ច្រើន ​ដោយ​ផ្ដោតលើ​ការ​វិនិយោគ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំ​រុញ​ឱ្យ​ទីក្រុង​ទាំងពីរ​មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​ដូចគ្នា​។ បន្ថែម​លើ​នេះ​ ទៅទៀត​អភិបាល​ទីក្រុង​វៀង​ច័ន្ទ​ក៏បាន​ស្នើឱ្យ​ប្រតិភូ​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍​នា​ពេល​ឆាប់ៗ​នេះ​៕