ក្រុមហ៊ុន អប់​លី​ជី​ម ចាប់​ដៃគូ​ថ្មី បន្ត​សាងសង់​គម្រោង​អគារ​ពាណិជ្ជកម្ម ឌឹ​ភី​ក​ 

274

ភ្នំពេញ៖ ក្រុមហ៊ុន អប់​លី ជី​ម ខេ​ម​បូ​ឌា (Oxley Gem Cambodia) ជា​អ្នក​អភិវឌ្ឍ​នៃ​គម្រោង​អភិវឌ្ឍ​សណ្ឋាគារ​ចម្រុះ ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បានប្រកាស​សម្រេច​តែងតាំង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ថ្មី ឈ្មោះ ឆៃ​ណា រៀល​វ៉េ យូ​បេន ខុន​ត្រា​ក់សិន គ្រុបខូ​ល​អ៊ិ​ល​ធី​ឌី ដើម្បី​ទទួល និង​បន្ត​ដំណើរ​ការសាងសង់​សំណង់​ដែលមាន​ស្រាប់​ ​ត​ទៅមុខទៀត​។​

យោងតាម​ការបញ្ជាក់ ស្តីពី​ការតែងតាំង​អ្នកម៉ៅការ​ថ្មី ដើម្បី​បន្ត​ការស្ថាបនា​គម្រោង​អភិវឌ្ឍ​ចម្រុះ​សណ្ឋាគារ ភី​ក​ ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ថ្មី​នេះ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន ឆៃ​ណា រៀល​វ៉េ ជា​សហគ្រាស​សំណង់​របស់​រដ្ឋ​ដ៏​ធំ​មួយ ត្រូវបាន​ចុះបញ្ជី​នៅ​សៀង​ហៃ និង​ហុងកុង ក្នុង​ឆ្នាំ​២០០៨​។

ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន​នេះ​ ​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​លំដាប់​ទី​៥៨ ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​សំណាង​ ​បាន​ជាប់​ចំណាត់ថ្នាក់​ទាំង ៥០០​ក្រុមហ៊ុន និង​ជា​ក្រុមហ៊ុន​វិស្វកម្ម​ដ៏​ធំ​លំដាប់​ទី​៣ ក្នុងចំណោម​ក្រុមហ៊ុន​វិស្វកម្ម​ធំៗ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ទាំង ២៥០​ក្រុមហ៊ុន នៅលើ​ពិភពលោក​ក្នុង​រយៈពេល ១១​ឆ្នាំ​ជាប់ៗ​គ្នា​។ ក្រុមហ៊ុន​ថ្មី​នេះ មាន​ជំនាញ​ក្នុងការ​សាងសង់​គម្រោង​លំនៅដ្ឋាន និង​មាន​បទពិសោធន៍​ច្រើន​ ​ក្នុង​ការ​ចុះកិច្ចសន្យា​សាងសង់​អគារ​ខ្ពស់ៗ​ទូទៅ និង​សំណង់​ស្មុគស្មាញ​ធំៗ​ក្នុង​តំបន់​ទីក្រុង​។​

ក្រុមហ៊ុន អប់​លី​ជី​ម បញ្ជាក់​បន្ថែមថា កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​មុន​ឈ្មោះ ហ្គ្រេ​ត​វើ​ល អ៊ិន​ធើ​ណា​សណល អេ​ន​ហ្គី​រីង ខូ​អ៊ិ​ល​ធី​ឌី​ ​ឬ​ហៅថា ស៊ី​ណូ (SINO) លើ​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរការ​ផ្ទេរ និង​ប្រគល់​ឲ្យ​ក្រុមហ៊ុន ឆៃ​ណា រៀល​វ៉េ ចូលមក​ទទួល និង​កាន់កាប់​ការងារ​សាងសង់​បន្ត​ចាប់ពី​ខែធ្នូ​នេះ​តទៅ​។

ក្នុងនាម​ក្រុមហ៊ុន និង​ក្នុងនាម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជាប់​ទំនាក់ទំនង​ជាមួយ​គម្រោង​អភិវឌ្ឍ ឌឹ​ភី​ក គឺ​ធានាថា កាលបរិច្ឆេទ​បញ្ចប់​ការសាងសង់​សំណង់​គម្រោង​ដែល​បានគ្រោង​ទុក​នាពេល​កន្លងមក នឹងមិន​មាន​ផលប៉ះពាល់​ដល់​ការបញ្ចប់​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន ស៊ី​ណូ និង​ជំនួស​ដោយ​ក្រុមហ៊ុន​អ្នកម៉ៅការ​ថ្មី​បន្ត​ឡើយ​​៕​