ឯកឧត្តម អ៊ី ឈាន ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​អភិវឌ្ឍ​ដី​អតីតយុទ្ធជន​នាយកដ្ឋាន​អភិវឌ្ឍន៍​

471

ភ្នំពេញ៖ ​ក្រសួងការពារជាតិ និង​ក្រុមហ៊ុន អូ​រី​ជីន អ​ហ្វ ប្រ​ស្តើ​រើស (​ខេ​ម​បូ​ឌា​) អ៊ិន​វេស​ម៉ិ​ន បាន​ចុះ​កិច្ចព្រមព្រៀង ស្ដីពី​គម្រោង​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍ធម្មជាតិ ក​សិ​-​ឧស្សាហកម្ម ក​សិ​-​ទេសចរណ៍ សួន​ឧស្សាហកម្ម រោងចក្រ​កែច្នៃ កម្មន្តសាល និង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រោម​អធិបតីភាព​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ទទួលបន្ទុក​នាយកដ្ឋាន អភិវឌ្ឍ​ក្រសួងការពារជាតិ​។​

បន្ទាប់ពី​តំណាង​ក្រុមហ៊ុន អូ​រី​ជីន និង​នាយក​ក្រុមហ៊ុន អូ​រំ​ដែន បានធ្វើ​បទ​បង្ហាញ​ពី​គម្រោង អភិវឌ្ឍ​លើដី​អតីតយុទ្ធជន ក្នុង​ខេត្តកំពង់ឆ្នាំង រួចមក​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​អភិវឌ្ឍ ក្រសួង​ការ​ពេ​រ​ជាតិ និង​ក្រុមហ៊ុន​អូ​រី​ជីន បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា ក្នុង​រយៈពេល​បី​ខែ​មុន ហើយ​ថ្ងៃនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា ដើម្បី​ដំណើរការ​គម្រោង​អភិវឌ្ឍ​នៅ​ស្រុក សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ គម្រោង​នេះ ដើម្បី​គ្រប់គ្រង និង​ជួយ​ដល់​អតីតយុទ្ធជន​កម្ពុជា ប្រែក្លាយ​ដី​អតីតយុទ្ធជន ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍ និង​ទំនើបកម្ម​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន បាន​មានប្រសាសន៍ថា តាមរយៈ​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ នាយ​រដ្ឋមន្ត្រី​ ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ១០០% ហើយ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​គោលនយោបាយ​ជាច្រើន ដោយ​ធ្វើ​ការកសាង និង​អភិវឌ្ឍន៍ ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ទោះបី​យ៉ាងនេះ​ក្តី ក៏​នៅ​មិនទាន់​បំពេញ សំណូមពរ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅឡើយ​ទេ ជាពិសេស​សម្រាប់​ការអភិវឌ្ឍ ខ​.​ភ​.​ម​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន សង្ឃឹមថា យោធិន​នៃ ខ​.​ភ​.​ម និង​អតីតយុទ្ធជន ពិតជា រស់នៅ​ប្រកបដោយ​សុខដុមរមនា តាមរយៈ​គម្រោង​អភិវឌ្ឍ​មណ្ឌល​កំសាន្ត ទេសចរណ៍ ធម្មជាតិ ក​សិ​-​ឧស្សាហកម្ម ក​សិ​-​ទេសចរណ៍ សួន​ឧស្សាហកម្ម រោងចក្រ​កែច្នៃ កម្មន្តសាល និង​តំបន់​សេដ្ឋកិច្ច​ពិសេស រវាង​នាយកដ្ឋាន​អភិវឌ្ឍ ក្រសួងការពារជាតិ ជាមួយ​ក្រុមហ៊ុន អូ​រី​ជីន អ​ហ្វ ប្រ​ស្តើ​រើស (​ខេ​ម​បូ​ឌា​) អ៊ិន​វេស​ម៉ិ​ន ឯ​.​ក នាពេលនេះ​ ​ពិតជា​មាន​សារៈសំខាន់​បំផុត សមស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​ ៕